ព័ត៌មានជាតិ

កម្ពុជាមានមោទនភាពក្នុងការបង្ហាញលទ្ធផលនៃកិច្ចគាំពារជនមានពិការភាពទៅកាន់តំបន់អាស៊ាន

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងបានយកចិត្តទុកដាក់អំពីសុខមាលភាពរបស់ជនមានពិការភាព និងកិច្ចការទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនានា ពិសេសក្នុងតំបន់អាស៊ាន។ បើតាមការគ្រោងទុកគឺឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ត្រូវដឹកនាំប្រតិភូកម្ពុជាដើម្បីចូលរួមក្នុងវេទិការអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែដោយឯកឧត្តមរដ្ឋមន្ត្រីមានធុរៈបន្ទាន់ ទើបបានចាត់ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ជាតំណាងដ៏ខ្ពង់ខ្ពស់ ដែលនេះគឺជាការបញ្ជាក់អំពីការយកចិត្តទុកដាក់ជាពិសេសអំពីវិស័យពិការភាព ពិសេសដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការគាំពារដល់ជនមានពិការភាពនៅក្នុងប្រទេសទៅប្រាប់ប្រទេសនានាក្នុងតំបន់អាស៊ាន។

ក្នុងនាមជាតំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រីសង្គមកិច្ច ឯកឧត្តម ជា សុមេធី ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានលើកឡើងថា កម្ពុជាមានលទ្ធផលជាច្រើនក្នុងការបង្ហាញទៅប្រទេសនានាក្នុងតំបន់អាស៊ាន ហើយនឹងអាចចែករំលែកបទពិសោធន៍ជាច្រើនដល់ប្រទេសផ្សេងទៀតផងដែរ។

ឯកឧត្តមថា៖ «នៅក្នុងកិច្ចប្រជុំនេះយើងនឹងមានមោទនភាពក្នុងការពាំនាំនូវលទ្ធផលជាច្រើនរបស់កម្ពុជាយើងជូនទៅកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន» ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថាក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី កម្ពុជាសម្រេចបានសមិទ្ធផលនៃកិច្ចគាំពារដល់ជនមានពិការភាពជាច្រើនដូចជា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ជនមានពិការភាព (ជម្រាល កន្លែងចតយានយន្ត ផ្លូវដើរសម្រាប់ជនមានពិការភាពភ្នែក….)។ លើសពីនេះរដ្ឋក៏បានបើកផ្ដល់ប្រាក់របបគោលនយោបាយសម្រាប់ជនមានពិការភាពក្រីក្រ ការរៀបចំនូវច្បាប់ស្ដីពីការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលបានផ្ដល់ការគាំទ្រដល់ជនមានពិការភាពតាំងពីចាប់កំណើតរហូតដល់មរណភាព។

គួរឱ្យដឹងផងដែរថាវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្តីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីអគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន និងប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (AMMSWD) លោកស្រី Dato Sri Hajah Nancy Sukhri តំណាងពីរដ្ឋាភិបាលអាមេរិក រួមទាំងរដ្ឋមន្ត្រីសង្គមកិច្ចនៃប្រទេសក្នុងតំបន់អាស៊ានទាំងអស់។

វេទិកានេះនឹងផ្ដល់ឱ្យប្រទេសនានាក្នុងតំបន់អាស៊ានធ្វើបទបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងប្រទេសខ្លួន និងការប្ដេជ្ញាចិត្តទៅថ្ងៃខាងមុខក្នុងការអភភិវឌ្ឍន៍ការលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាពក្នុងការចូលរួម និងទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *