ព័ត៌មានជាតិ

ឯកឧត្តម ឯម ច័ន្ទមករា អំពាវនាវឲ្យបន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពនៅកម្ពុជា

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាពកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ ដើម្បីប្រមូលមូលនិធិជួយដល់បងប្អូនមនុស្សគ-ថ្លង់ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ពហុកីឡាដ្ឋានស្តាតចាស់) ល្ងាចថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងបានលើកស្ទួយដល់ជនមានពិការភាពនៅកម្ពុជាជាបន្តបន្ទាប់ រហូតដល់បង្កើតផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ បានធានាដល់ការចូលរួមសកម្មភាពសង្គមរួមមាន វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាក លម្ហែ និងសកម្មភាពផ្សេងៗទៀត។

ឯកឧត្តមបន្ថែមទៀតថា កន្លងមកនេះរាជរដ្ឋាភិបាលក៏បានបើកផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍បានចំនួន ១៩ ៨៧៤នាក់ ដោយរបបសម្រាប់ ១២ខែ មានចំនួន ១២ ៦៣៨នាក់ និងរបបសម្រាប់ ៦ខែ មានចំនួន ៧ ២៣៦នាក់ ក្នុង ២៥រាជធានី ខេត្ត (ស្មើនឹង ៦០ក្រុង ស្រុក ខណ្ឌ)។

ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់គ្រប់ភាគីទាំងអស់បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព ជនមានពិការភាពកម្ពុជាដោយប្រែក្លាយផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងឯកសារគតិយុត្តទាំងឡាយពាក់ព័ន្ធនឹងពិការភាពឱ្យក្លាយជាការពិត។

ឯកឧត្តមបានសំដែងការពេញចិត្តចំពោះការឈឺឆ្អាលរបស់ក្រុមតារានៅកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដើម្បីប្រមូលមូលនិធិជួយទៅដល់ជនមានពិការភាពគ-ថ្លង់នៅកម្ពុជានៅថ្ងៃសៅរ៍នេះ ដោយថាបានឆ្លុះបញ្ចាំងពីមិត្តភាពនិងសាមគ្គីភាពរបស់ប្រជាជនខ្មែរ ដែលរស់នៅក្រោមដំបូលនៃសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានបង្ហាញអំពីការផ្តល់សិទ្ធិសេរីភាពក្នុងការចូលរួមដោយឥតរើសអើងនិងជាការលើកស្ទួយតម្លៃនិងសមត្ថភាពរបស់ជនមានពិការភាព ស្របតាមការធានារបស់ច្បាប់ជាតិ និងអន្តរជាតិ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *