ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញជាអធិបតីសម្ភោធសាលាភត្ត និងសមិទ្ធផលនានា នៅក្នុងវត្តឧត្ដមព្រៃធំ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជា ផល្គុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅក្នុងវត្តឧត្តមព្រៃធំ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានលើកឡើងថា វត្តឧត្តមព្រៃធំ ក៏កើតឡើងនៅក្នុងឆ្នាំ ១៩៩១ លើផ្ទៃដីសរុបចំនួន ១៨.៤៣០ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកអភិបាលស្រុក ក៏បានបន្តថា សមិទ្ធផលនានា ដែលត្រូវដាក់សម្ពោធឆ្លងនាថ្ងៃនេះមាន សាលាភត្ត ១ ខ្នង ដែលធ្វើពី បេតុង ប្រក់ក្បឿង ទំហំ ៣៤ម x ២២ម ដែលបានសាងសង់រួចរាល់ជាស្ថាពរ ក្នុងខែតុលា ឆ្នាំ២០២០ និងត្រៃសូរ១ ព្រមទាំង ដំរី ១គូរ នៅមុខក្លោងទ្វារ ដែលត្រូវ សម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នា ជាមួយសាលាភត្ត នាពេលនេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បាន មានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺមានការរីកចម្រើនទៅមុខជាលំដាប់ ទោះបីប្រទេសកម្ពុជាយើងទទួលរង នៅជំងឺកូវី១៩ ក៏ពិតមែន ក៏ប៉ុន្តែរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងកុមារ រហូតដល់មនុស្សចាស់ ទោះបីជារាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងប្រយុទ្ធនឹងជំងឺឆ្លង ដ៏កាចសាហាវមួយនេះក៏ពិតមែនក៏ប៉ុន្តែប្រទេសកម្ពុជាយើងនៅតែបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាដើម ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងថា វត្តអារាមគឺជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរពប្រតិបត្តិនៅក្នុងវត្តអារាមនេះ។ ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ វត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សានូវសមិទ្ធផលដែលបានកសាងឡើងដាក់ឲ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យ ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ រួមទាំងព្រះសង្ឃមេត្តាខិតខំដាំដើមឈើឲ្យបានច្រើនដើម្បីទុកជាប្រយោជន៍ បង្កើតនូវបរិស្ថានធម្មជាតិមួយនៅក្នុងវត្តផងដែរ។

ឯកឧត្តម អភិបាលខេត្ត សូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចាក់វ៉ាក់សាំងដូសទី ១ ដូសទី ២ រួចហើយនោះ សូមបន្តទៅចាក់វ៉ាក់សាំងដូសទី ៣ ទាំងអស់គ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ19 និងដើម្បីបង្កើតភាពសាំ នៅក្នុងសហគមន៍ របស់យើង និងសូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបន្តចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ កុំ នឹង ៣ ការពារ។

ក្នុងនោះ ឯកឧត្តម អភិបាលខេត្តក៏បាន ចូលរួមបច្ច័យសម្រាប់កសាងវត្តឧត្ដមព្រៃធំចំនួន ២០ លានរៀល និងបាន បំពាក់នូវមេដៃ ដល់អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទដែលមានស្នាដៃកសាងនៅក្នុងវត្តព្រៃធំ និងបានកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នោះផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *