ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលកូនភ្លោះបី នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន

ភ្នំពេញ ៖ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បាននាំយកអំណោយដ៏សប្បុ រសធម៌របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅផ្តល់ជូនដល់ដៃគ្រួសារដែលសម្រាលបានកូនភ្លោះបី   ដែលត្រូវជាចៅៗរបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ដែលមានលំនៅដ្ឋានរស់នៅភូមិកូនភ្នំ សង្កាត់អូរតារ៉ៅ ខេត្តប៉ៃលិន។

អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករស៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្ត សៀមរាប។ ជាកូនលើកដំបូង របស់ឪពុកឈ្មោះ ធ្លក រិន អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ សេង តែន អាយុ២៣ឆ្នាំ អ្នកទាំងពីរមានមុខរបរជាកសិករ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សេង ទៀង បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៣៨៧គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

ឯកឧត្តម បានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទ ក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើត ចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

បន្ថែមពីនេះ ឯកឧត្តម សេង ទៀង បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យរស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាងដៃ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

ដោយមានក្តីអាណិតស្រឡាញ់ ឯកឧត្តម សេង ទៀង និងលោកជំទាវ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន៤០ម៉ឺនរៀល ជូនដល់គ្រួសារទើបប្រសូត្របានកូនលើកដំបូង មានលំនៅដ្ឋានជិតគ្រួសារកូនភ្លោះបីផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *