ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មីព្រៃត្បែង ស្រុកកំចាយមារ

ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធបតីបញ្ចុះខណ្ឌសីមា សម្ភោធឆ្លងព្រះវិហា និងសមិទ្ធផលនានា ក្នុងវត្តមុនីរស្មី ព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ 

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ និងរដ្ឋបាលឃុំ ព្រមទាំងអាជ្ញាធរភូមិ និងប្រជាពលរដ្ឋដែលបានខិតខំរួមគ្នាការពារសុខសន្តិភាព សុខសុវត្ថិភាព រួមគ្នាអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ 

សម្ដេចបានមានប្រសាសន៍ កោតសរសើរព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនទាំងឡាយដែលបានផ្ដួចផ្ដើមគំនិត និងបរិច្ចាគថវិកាសាងសង់សមិទ្ធផលនានានៅក្នុងវត្តនេះ រួមទាំងសាលាបឋមសិក្សា ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់ការកសាងសង្គមជាតិ ក្នុងឱកាសដែលកម្ពុជាកំពុងមានសុខសន្តិភាពទាំងស្រុង មានស្ថិរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។ 

សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ 

សម្ដេចក្រឡាហោម ក៏បានចេញថ្លៃសាងសង់ និងសមិទ្ធផលនានាក្នុងវត្ត ដែលនៅជំពាក់ជាង ១៨.០០០ដុល្លារ ហើយសម្ដេចក៏បានប្រកាសផ្ដល់អគារសិក្សាបន្ថែម ៣ បន្ទប់ទៀត ដើម្បីបង្គប់ ៥បន្ទប់ ក្នុងនោះ ១បន្ទប់ សម្រាប់ធ្វើជាទីចាត់ការ។ 

សម្ដេចក៏បានអញ្ជើញ កាត់ខ្សែបូ និងកាត់ឬស្រីមា ឆ្លងនៅសមិទ្ធផលនានានៅក្នុង វត្តមុនីរស្មីព្រៃត្បែង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរ។ 

សម្ដេចក៏បានដាក់បច្ច័យសីមាទាំងប្រាំបីទិសក្នុងមួយទិស ២០ ម៉ឺនរៀល, និងទិសឥន្ទកិល ៣០ ម៉ីនរៀល, ឧបត្ថម្ភសាលាស្រុកចំនួន មួយលានរៀល, ឧបត្ថម្ភក្រុមគ្រូពេទ្យចំនួន ១៥ នាក់ ក្នុងម្នាក់ៗ ២ ម៉ឺនរៀល, ឧបត្ថម្ភលោកគ្រូអ្នកគ្រូចំនួន ៣៧ នាក់ក្នុងម្នាក់ ២ ម៉ឺនរៀល, ឧបត្ថម្ភយុវជនស.ស.យ.ក ចំនួន ១០០ នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល, ឧបត្ថម្ភយុវជនកាក់បានក្រហមចំនួន 100 នាក់ ក្នុងម្នាក់ៗ ១ ម៉ីនរៀល, យុវជនកាយរឹទ្ធិចំនួន ១០០ នាក់ ក្នុងនាក់ៗ ១ ម៉ឺនរៀល, សិស្សានុសិស្សចំនួន 470 នាក់ក្នុងម្នាក់ៗ សៀវភៅ ពីរក្បាល  ប៊ិចមួយដើម ថវិការ 5,000 រៀល, យាយជី តាជីចំនួន 100 នាក់ ក្រណាត់ ស មួយដុំ ថវិកា ១ ម៉ីនរៀល។ 

លោក ប៊ិន ជីវ័ន្ត អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បានធ្វើរបាយការណ៍ឱ្យដឹងថា វត្តមុនីរស្មីព្រៃត្បែង បានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់លោកអាចារ្យ ពិន ម៉ៅ នាឆ្នាំ២០០៥ លើផ្ទៃដីជាង ២ ហិកតា ដោយមានការរួមកម្លាំងសាមគ្គីគ្នាកសាងសមិទ្ធផលជាច្រើន ដែលរហូតមកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាពរនូវព្រះវិហារ ក្លោងទ្វារ សាលាឆាន់ កុដិឈើ បន្ទប់ទឹក របងព័ទ្ធជុំវិញ ព្រមទាំងសមិទ្ធផលផ្សេងទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *