ព័ត៌មានជាតិ

លោក ហេង សារ៉េន៖ ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ

ព្រៃវែង៖ លោក ហេង សារ៉េន នាយកនៃវិទ្យាស្ថានក្រុងអង្គរ សាខាខេត្តព្រៃវែង បានមានប្រសាសន៍ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏សំខាន់ សម្រាប់ ចូលរួមក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនទៅមុខជាលំដាប់ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោកបាន រៀបចំទិវាសិទ្ធិនារី ៨ មីនា នៅពេលខាងមុខ ដែលការៀបចំធ្វើនេះនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដោយមាននិស្សិតចូលរួមចំនួន ៥០០ នាក់ និងបានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ 

ក្នុងនោះដែរលោក ហេង សារ៉េន នាយកវិទ្យាស្ថានក៏បានលើកឡើងអំពីប្រវត្តិ នៃសិទ្ធិនារី ថា ផ្តើមចេញពីចលនាតស៊ូរបស់ស្ត្រីនៅសហរដ្ឋអាមេរិក កាលពីចុងសតវត្សទី ១៩ ក្នុងការរំដោះខ្លួនចេញពីការកេងប្រវ័ញ្ចនានានៅក្នុងវិស័យឧស្សាហកម្ម ស្ត្រីត្រូវបានគេទទួលស្គាល់ និងផ្ដល់សិទ្ធិពេញលេញ នៅក្នុងការងារ និងសង្គមជាបន្តបន្ទាប់។ ០៨ មីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់ស្រ្តីពលករទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភ្ជាប់នូវពាក្យស្លោកថា«មួយថ្ងៃធ្វើការប្រាំបីម៉ោង» «ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា» « ការពារសុខភាពមាតា និងទារក» ។

លោក ក៏បានបន្តទៀតថា ការប្រារព្ធពិធីនេះក្នុងអត្ថន័យរួមគឺ ការគោរព ស្រលាញ់ស្រី្ត លើកកម្ពស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច កាងារ នយោបាយ និងការចូលរួមកិច្ចការសង្គមជាតិ រហូតគេបានចាត់ទុកស្ត្រី ជាមាតារបស់ពិភពលោក។ 

លោក នាយកនៃវិទ្យាស្ថានក្រុងអង្គរក៏បានលើកឡើងអំពីគុណតម្លៃនៃស្ត្រី ដោយមានន័យថា ស្រ្តីខ្មែរ គឺជាមាតាដ៏ល្អរបស់កូន, ស្ត្រីខ្មែរ គឺជាអ្នកជំនួញដ៏ឆ្លាតវៃ, ស្ត្រីខ្មែរ គឺជាភរិយាដ៏ល្អរបស់ស្វាមី ,ស្ត្រីខ្មែរ គឺជាអ្នកប្រកាន់ខ្ជាប់ នូវគោលការណ៍សីលធម៌របស់ព្រះពុទ្ធសាសនា,

ស្ត្រីខ្មែរ គឺជាកងជីវពលដ៏ក្លាហានរបស់ជាតិ , ស្ត្រីខ្មែរ គឺជាអ្នកទាមទារសេរីភាព ដ៏សកម្មរបស់ជាតិ , ស្ត្រីខ្មែរ គឺជាក្តីសង្ឃឹមរបស់បុរស, ស្ត្រីខ្មែរ គឺជាកម្លាំងដ៏មុតស្រួចរបស់សហគមន៍ក៏ដូចជាប្រទេសជាតិ, ស្ត្រីខ្មែរ គឺជាគ្រូបង្រៀនរបស់ជាតិ, ស្ត្រីខ្មែរ គឺជាមនុស្សស័ក្តិសម ទីមួយនៅក្នុងវិស័យអប់រំនៅបឋមសិក្សា, ស្ត្រីខ្មែរ ជាអ្នកឈានមុខគេ នៅក្នុងកិច្ចថែរក្សាវប្បធម៌។ សរុបមកស្ត្រី គឺពិតជាមានតម្លៃដ៏ធំធេង សម្រាប់សង្គម ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល។ យើងទាំងអស់គ្នាគួរតែនាំគ្នាលើកស្ទួយតម្លៃស្ត្រីឱ្យបានខ្ពស់ស្មើនឹងបុរស។ យើងគួរតែយល់ដឹងឱ្យច្បាស់ ពី សុខទុក្ខរបស់ស្ត្រី និងចេះផ្តល់ឱកាសឱ្យស្ត្រីមានលទ្ធភាពនៅក្នុងការកសាងសង្គមជាតិ និងពិភពលោក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *