ព័ត៌មានស៊ើបអង្កេត

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តី០២រូបដែលជាប់ពាក់ព័ន្ធរឿងកាន់កាប់ទន្រ្ទានដីព្រៃលិចទឹកនៅខេត្តកំពង់ឆ្នាំង

 

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះបានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការទន្ទ្រានកាប់ឆ្ការនិងឈូសឆាយ កាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ក្នុង​ភូមិ​សាស្ត្រ​ស្រុកកំពង់លែង ខេត្ត​កំពង់​ឆ្នាំង​ ។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់ការសួរនាំ ពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដោយខុសច្បាប់។
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន មកធ្វើការសាកសួរ និងស្ដាប់ចម្លើយ ក្រោយបានពាក់ព័ន្ធការកាន់កាប់ដីព្រៃលិចទឹក នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តនានា ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន ឈូសឆាយ កាប់ឆ្ការដុតទន្ទ្រានកាន់កាប់ រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *