ព័ត៌មានជាតិ

អគារសិក្សាចំនួន០១ខ្នង ស្មើនិង៥បន្ទប់ នៃសាលាបឋមសិក្សាត្នោត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា

ព្រៃវែង៖ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួន០១ខ្នង ស្មើនិង៥បន្ទប់ នៃសាលាបឋមសិក្សាត្នោត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងការបន្តយកចិត្តទុកដាក់លើវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលធនមនុស្សនៅ កម្ពុជា ដូចដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាន ផ្តល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការបន្តកែទម្រង់សាលារដ្ឋដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ការជម្រុញការបង្កើតសាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច ព្រមទាំងជម្រុញឱ្យ មានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតា សហគមន៍ និងវិស័យឯកជន។ ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យ សាលារៀនក្លាយជាអង្គភាពសេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូចនេះ សាលារៀន ត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស។

ក្នុងនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ អំពីការៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តសប្បាយតាមបណ្ដាស្រុកនានា គឺដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវត្តី ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិ ឃុំ និងស្រុកមានភូមិសាស្រ្តឆ្ងាយពីទីរួមខេត្តព្រៃវែង ដែលអាចនឹងជួបការលំបាកក្នុងការធ្វើដំណើរទៅកំសាន្តនៅទីរួមខេត្ត និងម្យ៉ាងទៀតក៏ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចរាចរណ៍តាមដងផ្លូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលអាចមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *