ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល : ស្នាមញញឹមនិងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

 


ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យនិងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។

ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។

ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ ជាមហាភ័ព្វសំណាងរបស់ខ្មែរ ដែលមានវីរបុរសស្នេហាជាតិ គឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀតដែលបានផ្លាស់ប្តូរជោគវាសនារបស់កម្ពុជាទាន់ពេលវេលា។

ស្នាមញញឹមរបស់ពលរដ្ឋខ្មែរដែលបាត់បង់អស់រយៈពេលយ៉ាងយូរបានផុសឡើងវិញ ហើយជាស្នាមញញឹមពោរពេញដោយមោទនភាពនិងក្តីសង្ឃឹម។ កម្ពុជា ក្រោមម្លប់សុខសន្តិភាពនិងស្ថិរភាពនយោបាយរយៈពេលយូរមិនធ្លាប់មានកំឡុងពេលជាង៥០០ឆ្នាំចុងក្រោយ គឺជាឱកាសមាសក្នុងការជំរុញសន្ទុះការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ស្លាកស្នាមប្រវត្តិសាស្ត្រអតីតកាលដ៏ខ្មៅងងឹត បានរសាត់បន្តិចម្តងៗពីសតិអារម្មណ៍ពលរដ្ឋខ្មែរ។ យុវជនជំនាន់ក្រោយ រឹតតែមិនស្គាល់ទាល់តែសោះនូវអ្វីជាសង្គ្រាម និងសោកនាដកម្មដែលរៀមច្បងជំនាន់មុនបានឆ្លងកាត់។

ភ័ព្វវាសនារបស់ខ្មែរកើតឡើងដោយសារមេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាអ្នកនាំសិទ្ធិរស់រានមានជីវិតជូនដល់ប្រជាពលរដ្ឋខ្មែរ ជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តឈរការពារ ធានា យ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តលើកស្ទួយកិត្យានុភាពជាតិដើម្បីរក្សាក្តីសង្ឃឹមនិងស្នាមញញឹមរបស់ពលរដ្ឋខ្មែរឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែងជារៀងដរាបតទៅ៕

ដោយលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

adm

Leave a Reply

Your email address will not be published. Required fields are marked *