ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស » ដែលមានអញ្ជើញចូលរួម លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង។

លោកស្រីឧត្តមសេនីយ៍ត្រី ព្រាប សាវី ស្នងការរងខេត្ត និងជាអនុប្រធានគ.ខ.ប.ជ បានលើកឡើងថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងបញ្ជាក់ជូនជនឲ្យបានជ្រាបថា លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត នៅតែយកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរអោយភ័យខ្លាច និងស្អប់ខ្ពើម ។

លោកស្រីឧត្តមសេនីយ៍ត្រី បន្តថា អំពើជួញដូរមនុស្ស និងអំពើការធ្វើអាជីវកម្មផ្លូវភេទ គឺជាបរិបទសាកល ដែលនៅតែបន្តកើតមានអាស្រ័យកត្តាចំនួន បី គឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេតែក្នុងឆ្នាំកន្លងទៅក៏មានលេចចេញនូវបាតុភាពមួយចំនួន ដែលមាន ទំនោរទៅរអំពើជួញដូរសរីរាង្គ បទល្មើសរត់ពន្ធ និងការជួញដូរមនុស្សឆ្លងដែនជាដើម ។ នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន និងកំពុងតែដាក់វិធានការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្តើរៗ ឲ្យបានទាន់ពេលវេលានិងសិក្សាអំពីបរិបទច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀត ដើម្បីជៀសវាងការដុះ ដាលនៃបទល្មើសដែលនាំឲ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើងដល់សង្គម និងមនុស្សគ្រប់វ័យ ។

លោកស្រីឧត្តមសេនីយ៍ត្រី បន្តថាទៀតថា ដោយឡែកខេត្តព្រៃវែងចំនួនប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅរកស៊ី និងទៅរកការងារធ្វើនៅក្រៅប្រទេសរយះពេល១០ខែ ក្នុងឆ្នាំ ២០២៣ មាន
-ចំណាកស្រុករួមមាន២៥,២៩៣នាក់/ស្រី១៣,៨២៤ នាក់
+ចំណាកស្រុកក្រៅប្រទេសៈចំនួន១,៨២០នាក់/ស្រី៦៧៤នាក់ អនីតិជនចំនួន០៩នាក់
-ស្របច្បាប់ៈ១,៧១៨នាក់/ស្រី៦២៩នាក់
-មិនស្របច្បាប់ចំនួន១០២នាក់/ស្រី៤៥នាក់ អនីតិជនចំនួន០៥នាក់
-ត្រឡប់មកវិញ៦០២នាក់/ស្រី៣២៦នាក់ អនីតិជន១០នាក់
+ចំណាកស្រុកក្នុងប្រទេសៈ២៣,៤៧៣នាក់/ស្រី១៣,១៥០នាក់
-ត្រឡប់មកវិញ២០,៣៥៤នាក់/ស្រី១១,៧២៤នាក់

លោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល ។ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុត ប្រឆាំងដាច់ខាតនូវអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននិងកំពុងតែយាយី បំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ ។

លោកស្រី  អភិបាលរងខេត្ត បន្តថា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាយុទ្ធនាការដ៏ទូលំទូលាយ សម្រាប់ផ្សព្វផ្សាយការយល់ដឹងអំពើជួញដូរមនុស្ស ផលប៉ះពាល់ និងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ក៏ដូចជាវេទិកាអំពាវនាវដល់ជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យចូលរួមសហការគ្នា ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិពីអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាព ទៅលើមនុស្ស ទាំងក្មេង ចាស់ បុរស ស្ត្រី និងកុមារ ។

លោកស្រី អភិបាលរងខេត្ត ថ្លែងនូវការកោតសរសើរចំពោះគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងវិស័យឯកជនទាំងឡាយ ដែលតែងបានប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ពុះពារប្រឆាំងដាច់ខាតទៅនឹងសកម្មភាពរបស់ឧក្រិដ្ឋជន ស្របទៅតាមទិសដៅនៃគោលនយោបាយជាតិ និងការប្តេជ្ញាចិត្តរបស់រជរដ្ឋាភិបាល ។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងទេនោះ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន នឹងកាន់តែសកម្ម កាន់តែឃោរឃៅ និងរីករាលដាល  និងធ្វើឲ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត ។

លោកស្រី អភិបាលរងខេត្ត សូមអំពាវនាវ ដល់ស្ថាប័ន មន្ទីរ អង្គភាព អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សហការ ដើម្បីពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបានម៉ត់ចត់ ពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ កែលម្អ ការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេសឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *