ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ល្បីមន្ត្រីជលផលខេត្តសៀមរាប ពីរនាក់ដើរប្រមូលលុយពីបទល្មើសនេសាទខុសច្បាប់យ៉ាងអណាធិបតេយ្យ

ក្រុមអ្នកនេសាទល្មើសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប បានទម្លាយរឿងអាស្រូវមន្ត្រីជលផល២រូបនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ខេត្តសៀមរាប កំពុងតែច្បាមប្រមូលលុយយ៉ាងមមាញឹកគគ្រឹកគគ្រេងពីអ្នកនេសាទដែលប្រកបរបរ រកទទួលទានលក្ខណៈនេសាទដាក់ឆ្នុកនិងអូសលៀស ក្នុងតម្លៃដូរជាថ្នូរក្នុង១ទូកគិតជាលុយក្នុងមួយខែតម្លៃចំនួន ១០០ដុល្លារ។ សាកគណនាមើលថា តើចំនួនទូកដែលកំពុងប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបខេត្តសៀមរាបមានប៉ុន្មានគ្រឿងទៅ? ដូច្នេះក្រៅពីអ្នកប្រព្រឹត្តល្មើសផ្ទាល់ ជាមួយអ្នកនេសាទមេដឹកនាំផ្នែកជលផលគឺលោក ធិន នីសុធី នាយខណ្ឌរដ្ឋបាលជលផល និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ត្រូវគេអះអាងថា បានសើមមាត់សើមកដែរ។

ប្រភពបានឲ្យដឹងថា មន្ត្រីជលផល២រូបកំពុងប្រព្រឹត្តសកម្មភាពទុច្ចរិតយ៉ាងមមាញឹកប្រមូលលុយពីប្រជានេសាទដាក់ឆ្នុក និងឧបករណ៍អូសលៀសដែលស្ថិតនៅចំណុចភូមិជ្រោយសរកោះដាច់ ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាប។ ប្រភពអ្នករកស៊ីបទល្មើសទាំងនោះបានឲ្យដឹងឈ្មោះមន្ត្រីរដ្ឋបាលជលផល២រូបគឺ ឈ្មោះ ស ម៉ាប់ មន្ត្រីជលផលខេត្តសៀមរាប និងឈ្មោះសុខ សុង មន្ត្រីរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តសៀមរាប។ តាមប្រភពច្បាស់ការណ៍បានប្រាប់ថា បុគ្គលប្រព្រឹត្តអំពើទុច្ចរិតទាំង២រូបដែលមានឈ្មោះដូចខាងលើនេះកំពុងមមាញឹកប្រព្រឹត្តអំពើពុករលួយយកលុយខុសច្បាប់ពីអ្នកនេសាទឆ្នុក និងអូសលៀសក្នុង១ទូកចំនួន ១០០ ដុល្លារក្នុង១ខែ។

បទល្មើសនេសាទព្រោងព្រាត ដែលគេអាចមើលដោយភ្នែកទទេសឃើញនៅតំបន់បឹងទន្លេសាបក្នុងខេត្តសៀមរាប គឺស្ថិតនៅក្នុងកណ្ដាប់ដៃមន្ត្រីជលផលទាំងពីរនាក់ខាងលើនេះ ជាអ្នកក្តោបក្តាប់ននិងប្រមូលលាបសក្ការៈសម្រាប់ផ្ទាល់ខ្លួនក៏ដូចជាមេៗថ្នាក់លើ។ ស្ថិតនៅក្នុងដំណាក់កាលនេះទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាអាជ្ញាធរថ្នាក់ដឹកនាំខេត្តសៀមរាបហាក់ដូចជា មិនឃើញមានចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពណាមួយជុំវិញបញ្ហាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនេះនៅឡើយទេ។ ជាពិសេសគឺបណ្ដោយឲ្យពួកមន្ត្រីជលផល ដើរប្រមូលលុយពីបទល្មើសនេសាទយ៉ាងត្រជាក់ចិត្ត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *