ព័ត៌មានជាតិ

សមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហរទ័យ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់ប្រជាកសិកក្រីក្រ

ព្រៃវែង ៖ នៅព្រឹកថ្ងៃអាទិត្យ ៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ   ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ប្រមាណ ៤០៤ គ្រួសារ ស្ថិតនៅភូមិព្រៃរូង និងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នា ។

ក្នុងព្រះរាជដំណើរតាមព្រះទីនាំងរថយន្ត លើចម្ងាយផ្លូវប្រមាណជាង ១៣០ គីឡូម៉ែត្រ តាមបណ្ដោយផ្លូវជាតិឪលេខ ៨ រួចចុះតាមផ្លូវក្រាលកៅស៊ូ និងបន្តតាមផ្លូវលំក្រាលក្រួសក្រហម ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងចុះជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន ៣ គ្រួសារដល់ក្នុងលំនៅឋាន។ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដល់គ្រួសារទាំង ៣ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០ កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ១០ម៉ឺនរៀល ។ ​

ដោយឡែកលោកគ្រូ អ្នកគ្រូ ក៏ទទួលបានព្រះរាជអំណោយ ដោយក្នុងម្នាក់ៗទទួលបាន ឃីត ១ កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចឪព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និង ថវិកា ៥ម៉ឺនរៀល។ ចំណែកកុមារចំនួន ៣១៧ នាក់ ទទួលបានអាហារសម្រន់មួយពេល ថវិកា ៥ ពាន់រៀល សម្លៀកបំពាក់មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងសម្ភារសិក្សាមួយចំនួន។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះអង្គបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា បងប្អូនប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ប្រកបដោយក្តីនឹករឭក និងគោរពស្រឡាញ់ជាទីបំផុត ។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះ សំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្តរបស់ព្រះអង្គ ដល់ប្រជារាស្រ្តជាកសិករទាំង ៤០៤ គ្រួសារ ប្រកបដោយទឹកព្រះទ័យសប្បាយរីករាយ និងអាណិតស្រឡាញ់ជាទីបំផុត។ ព្រះរាជអំណោយដែលព្រះអង្គប្រទានដល់ប្រជារាស្ត្រជាកសិករទាំង ៤០៤ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១) តង់កៅស៊ូ១ផ្ទាំង មី ១កេស ត្រីខ ១០កំប៉ុង ស្បែកជើងផ្ទាត់១គូ អាវយឺតអាវរងារ មានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១ និងថវិកា ១០ម៉ឺនរៀល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *