ព័ត៌មានជាតិ

ឯកឧត្ដម ប៉ែន វិបុល អញ្ញើញសម្ពោធអគារសិក្សា ១ខ្លង ២ ជាន់ ៤ បន្ទប់ នៃវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា ១ ខ្នង ៥បន្ទប់ នៃសាលាបឋមសិក្សាព្រៃព្នៅ ស្រុកពារាំង

ព្រៃវែង៖ ឯកឧត្តម ប៉ែន វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សា ១ ខ្នង ២ ជាន់ស្មើនឹង ៤ បន្ទប់ នៃវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា ១ ខ្នង ស្មើនឹង ៥ បន្ទប់ នៃសាលាបឋមសិក្សាព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងឱកាសនោះលោក ឆាយ ប៉េងឆាន នាយកនៃវិទ្យាល័យព្រៃព្នៅ បានឲ្យដឹងថា ឯកឧត្ដម មិនត្រឹមតែផ្តល់នូវអគារសិក្សាប៉ុណ្ណោះទេ ឯកឧត្តមបានឧបត្ថម្ភ តុសិស្សចំនួន ២០០, កៅអីចំនួន៤០០, ក្តារខៀន ៤, និងតុកៅអីគ្រូបង្រៀនចំនួន ៤ ឈុត ព្រមទាំងរៀបចំដាក់ អំពូល និងកង្ហាក្នុងបន្ទប់ផងដែរ។

លោកនាយកសាលា បានបន្តថា៖ អគារសិក្សា១ខ្នងពីរជាន់ស្មើ៤បន្ទប់ នៅវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា១ខ្នងស្មើ ៥ បន្ទប់នៅសាលាបឋមសិក្សាព្រៃព្នៅ និងសម្ភារៈមួយចំនួន ដែលជា អំណោយដ៏មានតម្លៃរបស់ឯកឧត្តម ប៉ែន វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវ ដែលចំណាយពេលកសាងអស់រ យៈពេល១៩៩ថ្ងៃគត់ និងអស់ថវិកាជាង១៩ម៉ឺនដុល្លាអាមេរិក។

ឯកឧត្តម ប៉ែន វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់វិទ្យាល័យព្រៃព្នៅ ក្នុងការបំពេញតម្រូវការចាំបាច់ក្នុងការសិក្សា របស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។ ឯកឧត្តម ប៉ែន វិបុល បន្តទៀតថា ប្រភពនៃចំនេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ ចៅៗ សិក្សារៀនសូត្រទទូលបានចំណេះដឹង​ ដេីម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។

ឯកឧត្តម ប៉ែន វិបុល បន្តទៀតថា៖​ ក្រោមម្លប់សុខសន្តិភាព​ បានធ្វើឲ្យប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រៃវែង មានការរីកចម្រេីនលេីគ្រប់វិស័យ​ ជាក់ស្តែងវិស័យអប់រំ​ សាលារៀនបានរីកដុះដាលគ្រប់ទីកន្លែង​ ងាយស្រួលដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្រោមគោលនយោបាយ​ ឈ្នះ​ឈ្នះ​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា​។ ដូច្នេះក្មួយៗសិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ឯកឧត្តម ប៉ែន វិបុល ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ​ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់​ ក្លាយជាមនុស្សមួយផ្សេងទៀត​ បាត់បង់សតិអារម្មណ៍​ ហា៊នធ្វេីអ្វីៗគ្រប់យ៉ាង​ និងធ្វេីឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូល។

ឯកឧត្តម ក៏បានឧបត្ថម្ភដល់សិស្សពូកែដែលទទួលបានមេដៃមាសចំនួន ២ នាក់ក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល , មេដៃប្រាក់ ២ ម្នាក់ៗ ៨ ម៉ឺន, មេដៃសំរិទ្ធ ៦ ម៉ឺនរៀល , មេដៃកិត្តិយស ៥ ម៉ឺនរៀល, ក្រុមក្រុមប្រឹក្សាឃុំ និងស្មៀន ៨ នាក់ម្នាក់ៗ ៦ ម៉ឺនរៀល, លោកមេភូមិ ស្មៀតភូមិ ចំនួន ១២ នាក់ក្នុងម្នាក់ៗ ៤ ម៉ឺនរៀល, លោកគ្រូអ្នកគ្រូម្នាក់ៗ ៨ ម៉ឺនរៀល, និងសិស្សានុសិស្សក្នុងម្នាក់ៗ ១ ម៉ឺនរៀលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *