ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាព ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងស្រុកស្ទឹងត្រង់ និងដាក់ចេញជាវិធានការ

នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងស្រុកស្ទឹងត្រង់ និងបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការ ៧ចំណុច សម្រាប់អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ថ្លែងថា កាលយប់មិញ ប្រមុខរាជរដ្ឋាភិបាលបានណែនាំបន្ថែម គឺមិនតម្រូវឲ្យធ្វើការយកសំណាក តាមរយៈតេស្តរហ័សរកមេរោគកូវីដ-១៩ បន្តទៀតឡើយ ។ ផ្ទុយទៅវិញ គឺត្រូវយកសំណាករាល់ចំពោះអ្នកសង្ស័យ ទៅពិនិត្យក្នុងម៉ាស៊ីន PCR វិញ ដោយត្រូវកំណត់ទីកន្លែងមួយច្បាស់លាស់ ផងដែរ ។

ឯកឧត្ដម បញ្ជាក់ដែរថា ចំពោះមុខ ជាការជំនួសការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ យើងប្រើប្រាស់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ពិនិត្យសំណាក ព្រោះថា ម៉ាស៊ីននៅទីនេះ យើងអាចធ្វើការពិនិត្យសំណាក បានប្រមាណជា ១០០នាក់ ក្នុង ១ថ្ងៃ ក៏ប៉ុន្តែ បើសង្ស័យថា ជាករណី ដែលតា យើងត្រូវផ្ញើសំណាកនេះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយត្រូវរង់ចាំរយៈពេល ៣ថ្ងៃ ផងដែរ។ ឯកឧត្ដម មានប្រសាសន៍ថា ការអនុវត្តសំណាកនេះ គឺធ្វើទៅលើគោលដៅចំនួនពីរ គឺ ៖

១.អ្នកដែលយើងសង្ស័យ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍ មកមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដើម្បី បញ្ជូនពួកគាត់មកពិនិត្យសំណាក ម៉ាស៊ីន PCR ។

២.សាមីខ្លួន មានអាការៈក្ដៅខ្លួន ផ្ដាសាយ ហៀរសំបោរ ហើយសង្ស័យនោះ ពួកគាត់អាចទៅពិនិត្យដោយខ្លួនឯង ។ ឯកឧត្ដម លើកឡើងថា ចំពោះ តេស្តរហ័ស គឺយើងទុកប្រើប្រាស់ ដើម្បីធ្វើការពិនិត្យសំណាកលើអ្នកដែលមកសម្រាកព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យ និងពលករចំណូលស្រុកវិញ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗ ចំនួន៧ ចំណុច ទៅកាន់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ រួមមាន៖

ទី១.ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកលក់ដូរ ឬតាមទីផ្សារនានា ជាពិសេស ការចូលរួមអនុវត្តនូវលើវិធានការ «៣ការពា និង៣កុំ » ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។

ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពារឲ្យបានត្រឹមត្រូវ និងសូមបន្តត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីធ្វើចត្តាឡីស័ក ។

ទី៣.មន្ទីរសុខាភិបាល និងការិយាល័យប្រតិបត្តិស្រុក ត្រូវខិតខំ ធ្វើយ៉ាងណឲ្យយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ ជាពិសេស ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជំងឺ ឲ្យបានលឿនជាងមុន ។

ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែសពីការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល ផងដែរ ។

ទី៥.ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។

ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។

ទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស ។

ជាមួយគ្នានោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំ ទៅដល់អាជ្ញាធរស្រុកចំការលើ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍នេះវិវឌ្ឍធ្ងន់ធ្ងរ និងរួមគ្នាគ្រប់គ្រងស្ថានការណ៍នេះឲ្យល្អប្រសើរ និងឈានទៅស្ងប់ស្ងាត់ជាធម្មតាឡើងទៅវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *