ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ករណីបាញ់បោះសេរីជាង២រយគ្រាប់នៅផ្ទះលំហែរលើខ្នងភ្នំគិរីរម្យ

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីបាញ់បោះសេរី​រហូត​ដល់ជាង​២រយគ្រាប់នៅផ្ទះលំហែរ​លើខ្នងភ្នំគិរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ពេលនេះ​សមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ និងកំពុងបន្តនិតិវិធី។

បើតាមការរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងការបំភ្លឺរបស់សាក្សីបានបង្ហាញថា ឈ្មោះ ឆាយ ជាអ្នកឈរកាន់កាំភ្លើងខ្លីបាញ់ឡើង។

ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែរនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលដ៏មានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ហើយពេលនេះកម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ។

តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុថា នៅថ្ងៃទី១១.១១.២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង អោយគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំឡេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។

តាមការបំភ្លឺពីឈ្មោះ អ៊ុ សាង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ(ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។

ជាមួយគ្នានេះដែរ សមត្ថកិច្ច​បានរកឃើញវត្ថុតាងនៅជុំវិញកន្លែងកើតហេតុរួមមាន: សំបកគ្រាប់កាំភ្លើងខ្លីចម្រុះចំនួន ១១២គ្រាប់, សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *