ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម ចូលរួមពិធីសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកោះសំរោង


នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់សៀម បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ និងសាខាបក្សភូមិ ក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅស្នាក់ការបក្សឃុំកោះសំរោង ដែលមានអ្នកចូលរួមសរុប ២៤៣នាក់ ស្រី ១០៦នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តមអនុប្រធាន បានលើកពីបទពិសោធន៍នៃការបោះឆ្នោតអាណត្តិមុនៗ គឺចំនួនសន្លឹកឆ្នោតតិចជាងចំនួនសមាជិកបក្ស ដូច្នេះគណៈកម្មាធិការបក្ស ត្រូវគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាព ពិសេសដោះស្រាយបញ្ហាអ្នកចំណាកស្រុក ត្រូវណែនាំ និងសម្រួលការផ្ទេរជីវភាពបក្ស ដើម្បីពួកគាត់អាចបោះឆ្នោតនៅនឹងកន្លែងតាមជាក់ស្តែង និងបន្ថយការចំណាយ ហើយយើងមិនបាត់សន្លឹកឆ្នោត។

សកម្មជនបក្ស ត្រូវក្តាប់ឱ្យបានតួលេខចំនួន ៣ គឺទី១ តួលេខអ្នកទៅបោះឆ្នោត ទី២ គឺចំនួនអ្នកគាំទ្រ និងទី៣ ចំនួនសន្លឹកឆ្នោតខូចឬមិនបានការ។ ក្នុងន័យនេះ សកម្មជនបក្សត្រូវយកគោលការចង្អុលដៃខ្មៅទាំងអស់គ្នា គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយសន្លឹក ហើយដើម្បីសម្រេចការងារនេះ ចាំបាច់ត្រូវកំណត់គោលដៅអ្នកចំណាកស្រុកឱ្យពិតប្រាកដ និងជំរុញឱ្យសមាជិកបក្សទៅបោះឆ្នោតទាំងអស់គ្នា ដោយស្មោះស្ម័គ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវកត់ត្រាទុកអ្នកដែលមិនទៅបោះឆ្នោត និងអ្នកមិនច្បាស់លាស់។ ទាក់ទងនឹងបញ្ហានេះត្រូវចាំថា អ្នកមិនទៅបោះឆ្នោតឆ្នាំនេះ នឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយៗនោះឡើយ រីឯសមាជិកបក្សដែលមិនទៅបោះឆ្នោត មិនត្រូវទុកក្នុងបញ្ជីទៀតទេ។ ចំណុចសំខាន់មួយទៀត ក្រុមអ្នកអង្កេតការគណបក្ស ត្រូវពិនិត្យគ្រប់គ្រងតួលេខឱ្យបានច្បាស់លាស់ត្រឹមត្រូវ និងទាន់ពេលវេលា ព្រមទាំងតាមដានការរាប់សន្លឹកឆ្នោត និងត្រូវតវ៉ាការពារសន្លឹកឆ្នោត បានការរបស់យើង។

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត សកម្មជនត្រូវយកចិត្តទុកដាក់លើការបង្រៀនសមាជិក ពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ពិសេសយុវជនទើបបោះឆ្នោតលើកដំបូង មនុស្សចាស់ និងអ្នកមិនចេះអក្សរជាដើម។

សូមជម្រាបជូនថា គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំកោះសំរោង បានរៀបចំចងក្រងគ្រប់គ្រង សមាជិកគណបក្សតាមប្រព័ន្ធកុំព្យុទ័រ ដែលមានសមាជិកគណបក្សចំនួន ៣.០០២នាក់ ស្រីចំនួន ១.៦៩០នាក់ ក្នុងនោះផងដែរ គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ មានគ្រួសារបក្សចំនួន ៩៩១គ្រួសារ ក្រុមបក្សមានចំនួន ៣៧៧ក្រុមបក្ស៕

adm

Leave a Reply

Your email address will not be published. Required fields are marked *