ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រៃវែង រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ខរដ្ឋបាល ព្រៃឈើ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ ផេង អ្នកដំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង រួមនិងឯកឧត្ដម​ ហុឺ ប៉ាវី​ ប្រធាន​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ស្រុកព្រះស្តេច​ព្រមទាំងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើនៅវត្តកំពង់សាលា ភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងផ្តល់ជម្រកសត្វ, ផ្តល់ឈើសម្រាប់ប្រើប្រាស់, ជួយរក្សាលំនឹងនៃ សីតុណ្ហភាព, ជួយបន្សុទ្ធបរិយាកាស, ជារបាំងខ្យល់ព្យុះ ជួយទប់ទឹកជំនន់ និងធ្វើឲ្យដីមានជីជាតិ, ជួយទាកទាញទឹកភ្លៀង ការពារសំណ៌កដីជាដើម។ល។ 

ឯកឧត្តម អភិបាលខេត្ត  បានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួម និងអភិរក្សប្រភពធនធាន ដ៏សំខាន់នេះឱ្យបានគង់វង្ស ដែលសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្ដើមចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម។ 

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួម ដាំដើមឈើនៅតាមទីវត្តអារាម និងនៅតាមផ្ទះឱ្យបានគ្រប់គ្នា ដើម្បីចូលរួមចំណែក ក្នុងការបង្កើន នៅបរិស្ថាននៅតាមទីវត្តអារាម និងនៅតាមផ្ទះ ក៏ដូចជាការចូលរួមចំណែកកាត់បន្ថយការកើនឡើងនូវកំដៅនៅលើផែនដីយើងនេះផងដែរ។ 

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំខេត្តព្រៃវែង តែងតែបានធ្វើការដាំដុះដើមឈើជាក់ស្តែង នៅលើដី ទំនេរសាធារណៈ តាមវត្តអារ៉ាម សាលារៀន និងដាំក្នុងពិធីបុណ្យ រុក្ខទិវា បានចំនួន ៣៥ លើក និងបានបណ្តុះកូនឈើចម្រុះគ្រប់ប្រភេទ បានប្រមាណជាង ៧៥ ម៉ឺនដើម សំរាប់ធ្វើការចែកចាយជូនប្រជា ពលរដ្ឋ ព្រះសង្ឈ និងស្ថាប័នផ្សេងៗទៀត និងដាំក្នុងពិធីសម្ភោធសមិទ្ធិផលនានាជារៀងរាល់ឆ្នាំ។ ដោយ ឡែកនៅឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង បណ្តុះកូនឈើចម្រុះប្រភេទបានចំនួន ២៥.០៤៤ ដើម មានក្រញូង បេង នាងនួន ធ្នង់ គគីរ ឈើទាល កកោះ និង ប្រភេទឈើហូបផ្លែ ជាដើម។ល។ 

លោក ប្រធានមន្ទីរបន្តរថា ក្នុងឱកាសអបអរសាទរបុណ្យ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៣ ដោយមានការឯកភាពពីឯកឧត្តម អភិបាលខេត្ត  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាល ព្រៃឈើ បានកំណត់យកទីតាំងបរិវេណវត្តកំពង់សាលា ស្ថិតនៅភូមិសាលា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបុណ្យដាំដើមឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ៤០០ ដើម និងចែកកូនឈើចម្រុះគ្រប់ប្រភេទប្រមាណជាង ២, ០០០ ដើម ដល់អ្នកចូលរួម មាន បេង គគីរ ឈើទាល ក្រញូង ធ្នង់ នាងនួន និងកូន ឈើហូបផ្លែ មានខ្ទុរ ស្វាយ ទាប ក្រូច ស្តៅ។ល។៕

adm

Leave a Reply

Your email address will not be published. Required fields are marked *