ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី ដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មីចំប៉ីស៧០ បន្ទាប់ពីស្រាវជ្រាវអស់៩ឆ្នាំ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាលោក Justin Wilyat បានដាក់ឱ្យប្រើប្រាស់ និងឱ្យមានវត្តមានជាផ្លូវការនូវពូជស្រូវចំប៉ីស៧០ បន្ទាប់ពីប្រើពេលអស់ ៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករ ចំនួន ៨០កន្លែង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ស្ថានទូតអូស្ត្រាលី និង ក្រសួងកសិកម្មកម្ពុជា ចេញនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា “វ.ស.អ.ក.ក- និងរដ្ឋាភិបាលអូស្ត្រាលី ដែលត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួល របស់កម្ពុជា ដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោកជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CN9024។ ពូជស្រូវនេះ បានឆ្លងកាត់ពិសោធន៍នៅលើស្រែកសិករចំនួន ៨០កន្លែង ទាំងក្នុងរដូវប្រាំងនិងរដូវវស្សា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានឱ្យដឹងថា ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ខណៈពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្មផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ នាយក CARDI លោក ឡោ ប៊ុណ្ណា បានលើកឡើងថា ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករដែលអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ ព្រោះតែជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំ។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Justin Whyatt ក៏បានឱ្យដឹងថា ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ។ ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងអន្តរជាតិ រួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ។

គួរឱ្យដឹងដែរថា ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ និងជាប្រភេទពូជស្រូវ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំដុះពូជចំប៉ីស៧០ បានពី២ ទៅ៣ដង ក្នុង១ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល ហើយពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផល៕

adm

Leave a Reply

Your email address will not be published. Required fields are marked *