ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រុងស្រុកទាំងអស់នៅខេត្តព្រៃវែងដែលបាន អនុវត្តន៍កន្លងមកនេះ ដោយកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វាព្រំដែនទាំង៦។

ក្នុងកិច្ចប្រជុំនោះ ក៏មានបង្ហាញបទអន្តរាគមន៍ ស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផែនការសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សម្រាប់ការបោះឆ្នេាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណ្តិតទី៥ ឆ្នាំ២០២២។ បទអន្តរាគមន៍ ស្តីពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជម្រុញ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង។
ថ្លែងនៅក្នុងឱកាសនោះផងដែរឯកឧត្តម ជា សុមេធី អភិបាលខេត្ត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាលស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងនោះឯកឧត្តម អភិបាលខេត្តក៏បានណែនាំដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ ត្រូវពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានលឿន តាមការសន្យារបស់ខ្លួនដែលបានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋកាលពីពេលកន្លងទៅ ហើយចំពោះប័ណ្ណកម្មសិទ្ធដែលមិនបានចេញតាមការសន្យានោះត្រូវធ្វើការពន្យល់ប្រាប់គាត់ឲ្យបានយល់ច្បាស់អំពីមូលហេតុនៃការយឺតយ៉ាវក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនគាត់នៅស្រុកកំចាយមារ ដែលលោកប្រធានមន្ទីរបានសន្យានោះ ធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់ទន្ទឹងរង់ចាំមានការអាក់អន់ស្រពន់ចិត្ត។

ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរ ក្រុង ស្រុក ត្រូវអនុវត្តនៅ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អ ធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានកាន់ល្អប្រសើឡើង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *