ព័ត៌មានជាតិ

ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្ដេចម៉ែ (ហ្លូងម៉ែ)

ថ្ងៃទី១៨ ខែមិថុនា! ព្រះរាជជីវប្រវត្តិសង្ខេបរបស់សម្ដេចម៉
ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
(SBM News)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi ) មានម្ដាយឈ្មោះប៉ុម ពាង និងមានជីដូនឈ្មោះ អ៊ុក រស់នៅទីក្រុងភ្នំពេញ។
លោកយាយ អ៊ុក បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ជាបុត្រាទី៥ របស់ព្រះមហាក្សត្រនរោត្តម ។ ព្រះមាតារបស់ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ ព្រះនាម ឃុនព្រះម្នាង ចៅចមសុជាតិបុស្បានារីបុប្ផា នួន ហៅ ឃុន ថាន់ ។ ទ្រង់ប្រសូតនៅក្នុងឆ្នាំ១៨៦១ នៅក្នុងព្រះបរមរាជវាំងនៅក្រុងឧតុង្គមានជ័យ។
ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ មានមហេសី៣អង្គ គឺ៖
ទី១. អ្នកម្នាង រំដេញ មានបុត្រា១អង្គ ព្រះនាម នរោត្តម មណ្ធនថាន្នី ( ១៨៨១ -១៩០៦ )។
ទី២. អ្នកម្នាង អាន មានបុត្រី១អង្គ ព្រះមាននរោត្តម វិឡៃល័ក្ខណ៍ (១៨៩១ -៨ សីហា ១៩៧០ )។ មហេ ទី៣. អ្នកម្នាង អ៊ុក ត្រូវជាមាតារបស់លោកយាយ ប៉ុម ពាង និងត្រូវជាជីដូនរបស់អ្នកម្នាងម៉ូនិក ។
អ្នកម្នាង អ៊ុក មានបុត្រី១អង្គព្រះនាមនរោត្តម ប្រាផៃភក្ត្រ ( ១៨៨១- ១៩៥០ ) និងបុត្រា១អង្គ ព្រះនាមនរោត្តម រដ្ឋារង្សី (ប្រសូត១៨៩៤ -សុគត១៩៤៩) ។
បុត្រានរោត្តម រដ្ឋារង្សី អង្គនេះបានក្លាយជាវេជ្ជបណ្ឌិតខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប៉ុន្តែជាអកុសល ទ្រង់បានសោយទិវង្គតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៤៩។
ចាប់ពីឆ្នាំ១៨៨៥មក ព្រះអង្គម្ចាស់នរោត្ដម ដួងចក្រ បានចេញមុខដឹកនាំចលានាបះបោរប្រឆាំងបារាំង យ៉ាងសកម្ម រហូតត្រូវពួកបារាំង ចាប់ឃុំព្រះកាយនៅក្នុងខែមេសា ឆ្នាំ១៨៩០ ។
តែដោយមានព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនរោត្តម ជាព្រះបិតា នៅក្នុងឆ្នាំ១៨៩១ ព្រះអង្គម្ចាស់ នរោត្តម ដួងចក្រ ត្រូវពួកបារាំង ដោះលែងវិញ តែត្រូវនិរទេសព្រះកាយឲ្យទៅរស់នៅឯក្រុងទេព ព្រះរាជាណាចក្រស្យាម (ប្រទេសថៃ)។
នៅខែមិថុនា ឆ្នាំ១៨៩៣ ព្រះអង្គបានចាកចេញពីក្រុងទេព ព្រះរាជាណាចក្រស្យាម (ប្រទេសថៃ)យាងទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីសុំកិច្ចអន្តរាគមន៍ និងរាយការណ៍ឱ្យមេដឹកនាំបារាំង បានដឹងពីអំពើជិះជាន់មើលងាយមើលថោកប្រជារាស្ត្រខ្មែរពីសំណាក់ពួកទាហានបារាំង នៅកម្ពុជា តែពុំបានសម្រេចឡើយ ។
នៅខែសីហា ឆ្នាំ១៨៩៣ ព្រះអង្គត្រូវបានបារាំង ឃាត់ព្រះកាយ និងនិរទេសចេញពីប្រទេសបារាំង ទៅប្រទេសអាល់ហ្សេរី បន្តទៀត ។
ក្រោយពីនិរទេសព្រះកាយមករស់នៅក្នុងទឹកដីនៃប្រទេសអាល់ហ្សេរី បានរយៈពេល៤ឆ្នាំ គឺនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៨៩៧ ព្រះអង្គម្ចាស់នរោត្តម ដួងចក្រ ក៍បានសុគតទៅ ។
ក្រោយមក អ្នកម្នាងអ៊ុក ក៏មានស្វាមីម្នាក់ទៀត ឈ្មោះពាង ជាមន្ត្រីម្នាក់ដែលជាកូនចៅដ៏ជិតស្និទ្ធរបស់ព្រះអង្គម្ចាស់នរោត្តម សុធារស។ នៅក្នុងឆ្នាំ១៩០៤ អ្នកម្នាងអ៊ុក បង្កើតបានកូនស្រីមួយ ឈ្មោះប៉ុម ពាង ។ ២ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩០៦ អ្នកម្នាងអ៊ុក បានកូនប្រុសម្នាក់ទៀតឈ្មោះ ហ៊ែល ពាង។
នៅក្នុងឆ្នាំ១៩២៣ កញ្ញាប៉ុម ពាង បានរៀបអាពាហ៍ពិពាហ៍ជាមួយកម្លោះម្នាក់ឈ្មោះ អ៊ុំ ផាន់កែវ ជាកូនប្រុសរបស់នាយទាហានឈ្មោះម្នាក់ គឺលោកស័ក្តិ៣អ៊ុំ ។
អ្នកស្រីប៉ុម ពាង និងលោកអ៊ុំ ផាន់កែវ មានកូនប្រុសស្រីចំនួន៥នាក់ ៖
ទី១. ឈ្មោះអ៊ុំ ម៉ាន្នូរិន ភេទប្រុស កើតនៅឆ្នាំ១៩២៤។ ក្នុងសម័យសង្គមរាស្រ្តនិយម មានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការពារលើផ្ទៃប្រទេស។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ត្រូវមេដឹកនាំរដ្ឋប្រហារចាប់យកទៅឃុំទុកនៅបាតកប៉ាល់ខាងមុខកំពង់ផែភ្នំពេញ ។
នៅក្នុងឆ្នាំ២០១២ បានព្រះមហាក្សត្រ តែងតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៣។
អ៊ុំ ម៉ាន្នូរិន ត្រូវបានទទួលមរណភាព នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ។
ទី២ ឈ្មោះអ៊ុំ វីណាវុឌ្ឍ ភេទប្រុស កើតនៅក្នុងឆ្នាំ១៩២៥ ។ ក្រោយមកបានក្លាយជាអ្នកបើកយន្តហោះនៃកងទ័ពអាកាសកម្ពុជា ហើយបានបាត់បង់ជីវិតនៅក្នុងឆ្នាំ១៩៤៨ ពេលបើកយន្តហោះទៅទម្លាក់គ្រាប់បែកលើកងទ័ពវៀតមិញ នៅក្នុងសមរភូមិមួយនៅក្នុងខេត្តកំពត ហើយត្រូវកងទ័ពវៀតមិញ បាញ់យន្តហោះនោះធ្លាក់។
ទី៣ ឈ្មោះអ៊ុំ ណារីវ៉ាន់ ភេទស្រី កើតឆ្នាំ១៩២៦។ ស្លាប់នៅក្នុងឆ្នាំ១៩៤៨ ។
ទី៤ ឈ្មោះអ៊ុំ សូរ៉ាក់ សាន់ថន ភេទប្រុស កើតនៅឆ្នាំ១៩២៧។
ទី៥ ឈ្មោះអ៊ុំ សុផានិត ភេទស្រី កើតក្នុងឆ្នាំ១៩២៨ ។ កញ្ញាអ៊ុំ សុផានិត បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកអៀវ បណ្ណាការ ជាកូនប្រុសរបស់លោកអៀង កើស ជាប្រធានរដ្ឋសភា ពីឆ្នាំ១៩៤៧មក និងជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៤៩ ហើយត្រូវគេបង្កៃគ្រាប់បែកធ្វើឃាតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០។
ក្នុងសម័យសង្គមរាស្រ្តនិយម អៀង បណ្ណាការ បានទៅរៀនជំនាញខាងថតខ្សែភាពយន្តនៅប្រទេសបារាំង។ ដើមឆ្នាំ១៩៧៩ មានតួនាទីជាអនុប្រធាននាយកដ្ឋានភាពយន្ត នៅក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
នៅក្នុងឆ្នាំ២០១២ អៀង បណ្ណាការ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាសមាជិកព្រឹទ្ធសភានីតិកាលទី៣ ហើយនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ គាត់បានទទួលមរភាព ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

អ្នកស្រីប៉ុម ពាង មានស្វាមីទី២ ឈ្មោះហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ដែលមានឪពុកជាជនជាតិអ៊ីតាលី និងម្ដាយជាជនជាតិបារាំង។
ហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី ជាអ្នកគ្រប់គ្រងធនាគារក្រេឌីត ហ្វុងស្យេ (Credit Foncier) នៅទីក្រុងព្រៃនគរ ទឹកដីកូសាំងស៊ីន ។
ក្រោយមក លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី បាននាំអ្នកស្រីប៉ុម ពាង ទៅរស់នៅឯទីក្រុងព្រៃនគរ។ នៅទីនោះ អ្នកស្រីប៉ុម ពាង បង្កើតបានកូន២នាក់ទៀត គឺ៖
ទី១.ឈ្មោះ អាន ម៉ារី អ៊ីហ្ស៊ី (Anne Marie Izzi ) កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣៤ និងទី២.ឈ្មោះ ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (Paul Monique Izzi ៖ អ្នកម្នាងម៉ូនិក) កើតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦។
ក្នុងសង្គ្រាមលោកលើកទី២ ឆ្នាំ១៩៣៩ ពេលកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចូលឈ្លានពានដណ្តើមកាន់កាប់ប្រទេសបារាំង លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ដែលជាប់កំណែនចូលបម្រើក្នុងជួរកងទ័ពបារាំងនៅឥណ្ឌូចិននោះ ត្រូវបានបញ្ជូនពីទីក្រុងព្រៃនគរ ជាមួយកងទ័ពកំណែនជាជនជាតិបារាំង ខ្មែរ វៀតណាម និងឡាវ ជាច្រើនពាន់នាក់ទៀត ដើម្បីទៅធ្វើសង្រ្គាមវាយបណ្តេញកងទ័ពអាល្លឺម៉ង់ ឲ្យចេញពីប្រទេសបារាំង វិញ ។
ពេលនោះ លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី មានឋានន្តរសក្តិជាអនុសេនីយ៍ទោ បានបាត់ខ្លួននៅក្នុងសមរភូមិនៅប្រទេសបារាំង តាំងពីឆ្នាំ១៩៤០ រហូតមក។
ចំណែកអ្នកស្រីប៉ុម ពាង ក៏នាំកូនស្រីទាំង២នាក់ (អាន ម៉ារី អ៊ីហ្ស៊ី និងប៉ូល ម៉ូនិក អ៊ីហ្ស៊ី) វិលត្រឡប់មករស់នៅទីក្រុងភ្នំពេញ វិញ។
កូនស្រីរបស់អ្នកស្រីប៉ុម ពាង ឈ្មោះអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi ) បានសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យដេកាត (Lycée René Descartes) ហើយបានចូលសិក្សានៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៅទីក្រុងភ្នំពេញ និងបន្តការសិក្សានៅទីក្រុងបារីស ប្រទេសបារាំង រហូតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិត ។
នៅក្នុងឆ្នាំ១៩៥១ កញ្ញាអាន ម៉ារី អ៊ីហ្ស៊ី ( Anne Marie Izzi) បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ដែលជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ។
ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច កញ្ញាអាន ម៉ារី អ៊ីហ្ស៊ី ត្រូវបានទទួលងារជាអ្នកម្នាងស៊ីសុវត្ថិ ណាណែត មេធាវី ។
ចំណែក កញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ីបានសិក្សានៅសាលាបឋមសិក្សាព្រះនរោត្តម និងវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតដល់វិទ្យាល័យដេកាត (Lycée René Descartes) រាជធានីភ្នំពេញ។
លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi ) ដែលជាមិត្តជិតស្និទ្ធព្រះបិតា សុរាម្រិត។ រីឯ អ្នកស្រីប៉ុម ពាង ក៍ជាមនុស្សជិតស្និទ្ធជាមួយព្រះអង្គម្ចាស់នរោត្តម សុធារស ជាព្រះអយ្យិកោ និងអ្នកម្នាងផះង៉ាង៉ាម ជាព្រះអយ្យិកា ព្រះមហាក្សត្រនរោត្តម សីហនុ ផងដែរ ។
យោងតាមទស្សនាវដ្តីTime ដ៍ល្បីល្បាញរបស់អាមេរិក បានឲ្យដឹងថា លោកហ្សង់ ហ្វ្រង់ស័រ អ៊ីហ្ស៊ី (Jean-François Izzi) ឧស្សាហ៍ចេញចូលនៅរាជដំណាក់របស់ព្រះបិតា សុរាម្រិត ដែលស្ថិតនៅក្បែរវិមានឯករាជ្យ ហើយលោកតែងតែយកសៀវភៅល្អៗពីប្រទេសបារាំង ដូចជា សៀវភៅរឿងអាលីបាបា(Ali Baba), រឿងមួយពាន់មួយយប់( A Thousand One nights), រឿងប៊ីកូ ប៊ីកូតាំង(Bicot Bicotin) និងសៀវភៅផ្សេងៗទៀត ទៅផ្ញើសម្ដេចសីហនុ ដែលកាលនោះព្រះអង្គនៅវ័យកុមារនៅឡើយ។
ថ្ងៃមួយ ក្នុងឆ្នាំ១៩៤៨ ពេលកញ្ញា ម៉ូនិក ទើបមានវ័យ១២ឆ្នាំ នាងបានរួមដំណើរជាមួយអ្នកម្តាយ ដើម្បីទៅចូលគាល់សួរសុខទុក្ខព្រះអង្គម្ចាស់សុរាម្រិត និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ ក៏បានជួបនឹងព្រះមហាក្សត្រសីហនុ ផងដែរ ។
ពេលនោះ ព្រះមហាក្សត្រនរោត្តម សីហនុ មានព្រះរាជឱង្ការប្រាប់អ្នកស្រីប៉ុម ពាង ថា ក្នុងពេលពីរបីឆ្នាំទៀត ព្រះអង្គនឹងយាងចូលស្តីដណ្តឹងកញ្ញា ម៉ូនិក ដើម្បីរៀបអភិសេកហើយ។
ពេលនោះ អ្នកស្រី ប៉ុម ពាង បានឆ្លើយតបវិញថា ៖«ព្រះអង្គ! ព្រះអង្គល្បីល្បាញថា មានដៃគូស្នេហាច្រើនណាស់។ ព្រះអង្គតែងប្តូរស្រីកំណាន់។ ដូច្នេះសូមព្រះអង្គទុកឱកាសឱ្យកូនស្រីរបស់ខ្ញុំម្ចាស់មានស្វាមីល្អស្មោះត្រង់ និងមានមហេសីតែមួយ គឺមិនមានមហេសីច្រើនដូចព្រះអង្គនោះផង »។
នៅដើមទសវត្សរ៍ឆ្នាំ១៩៥០ មុនពេលបើកពិធីប្រឡងបវរកញ្ញាដែលមានការជួយឧបត្ថម្ភគាំទ្រដោយអង្គការយូណេស្កូ ព្រះមហាក្សត្រ សីហនុ បានមានបន្ទូលលើកទឹកចិត្តឱ្យកញ្ញា ម៉ូនិក ចូលរួមក្នុងការប្រឡងជ្រើសរើសបវរកញ្ញានោះដែរ។
ប៉ុន្តែកញ្ញាម៉ូនិក បានឆ្លើយតបទាំងអៀនប្រៀនថា៖«ព្រះអង្គ! បើសិនជាខ្ញុំម្ចាស់មិនបានជាប់់ជ័យលាភីក្នុងការប្រឡងនេះទេ ខ្ញុំម្ចាស់ច្បាស់ជាយំមិនខាន ហើយខ្ញុំម្ចាស់យំ តើព្រះអង្គមានអ្វីលួងខ្ញុំម្ចាស់ទេ ? ។
ពេលនោះព្រះមហាក្សត្រ សីហនុ បានឆ្លើយថា បើសិនជានាងពុំមានសំណាងបានជាប់ជ័យលាភីក្នុងការប្រឡងបវរកញ្ញានោះទេ ព្រះអង្គនឹងផ្តល់រង្វាន់ជាពានប្រាក់ដែលមានក្បូរក្បាច់រចនាយ៉ាងស្រស់ស្អាតមួយ ។
ក្រោយពីប្រឡងជាប់ជ័យលាភីជាបវរកញ្ញា បានមួយឆ្នាំ គឺនៅឆ្នាំ១៩៥២ ព្រះមហាក្សត្រ សីហនុ បានស្នើសុំទៅអ្នកស្រីប៉ុម ពាង ជាមាតា ដើម្បីយកកញ្ញា ម៉ូនិក ជាមហេសី។
អ្នកស្រី ប៉ុម ពាង ជាមាតាក៏បានយល់ព្រម និងរៀបចំពិធីរៀបអភិសេកមិនផ្លូវការមួយ។
បន្ទាប់ពីទទួលបានការផ្តល់យោបល់ពីឃុនព្រះម្នាង បុប្ជានលក្ខណ៍ មាឃ (ជាបងជីដូនមួយប៉ុល ពត) ដែលជាអ្នកគ្រប់គ្រងនារីទាំងអស់ក្នុងព្រះបរមរាជវាំង តាំងពីរជ្ជកាលព្រះមហាក្សត្រមុនីវង្ស និងពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ដែលជាបងប្អូនជីដូនមួយ និងជាដៃគូកីឡាវាយតិន្នីសរបស់ព្រះអង្គមក ព្រះអង្គបានព្រះរាជនិពន្ធចម្រៀងមួយបទដែលមានចំណងជើងថា៖ «រាត្រីដែលបានជួបភ័ក្ត្រ» ដើម្បីទុកជាអនុស្សាវរីយ៍ជាមួយប៉ូល ម៉ូនិក អ៊ីហ្ស៊ី ទៀតផង។
នៅក្នុងឆ្នាំ១៩៥៥ ព្រះមហាក្សត្រ នរោត្តម សីហនុ រៀបចំពិធីរៀបអភិសេកជាមួយអ្នកម្នាងម៉ូនិក ជាថ្មីម្ដងទៀត ដែលចាត់ទុកថាជាពិធីរៀបអភិសេកផ្លូវការ។
ក្រោយពីបានក្លាយជាមហេសីរបស់ព្រះមហាក្សត្រមក អតីតបវរកញ្ញាប៉ូល ម៉ូនិក អ៊ីហ្ស៊ី មានងារថា អ្នកម្នាងម៉ូនិក សីហនុ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *