ព័ត៌មានជាតិ

កម្ពុជា-ស៊ុយអ៊ែត បន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)

(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ បានអនុញ្ញាតឱ្យឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជំរាបលា នាឱកាសដែល ឯកឧត្តមឯកអគ្គរាជទូត ត្រូវផុតអាណត្តិការទូត និងគ្រោងចាកចេញពីកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

នាជំនួបនោះភាគីទាំងពីរបានសំដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលភាគីទាំងពីរក៏មានគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលភាគីទាំងពីរខិតខំសម្រេចបាន។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗ ដែលកម្ពុជា-ស៊ុយអ៊ែត បាននិងបន្តអនុវត្តសំដៅសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិនិងពិភពលោក។
១-គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative)
២-សិទ្ធិការងារ
៣-ការអភិវឌ្ឍធនធានមនុស្ស

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអ៊ែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) ដែលជួយគ្រាំទ្រដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រសួងអប់រំ យុវជន និងកីឡាក្នុងការអនុវត្តរួមគ្នានូវគម្រោងចំនួន២ គម្រោងទី១ស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា” ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ និងបានបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ និងគម្រោងទី២ស្តីពី “មគ្គុទ្ទេសក៍អាជីព និងការផ្តល់ប្រឹក្សាសម្រាប់មធ្យមសិក្សា-ស្ពានចម្លងឆ្ពោះទៅកាន់ពិភពការងារ” ចាប់អនុវត្តពីខែមករា ឆ្នាំ២០១៩ ដល់ខែកក្កដា ឆ្នាំ២០២១។ បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអ៊ែត (SPES) សហការជាមួយអង្គការជំនួយព្រះវិហារហ្វាំងឡង់ (Finn Church Aid) កំពុងសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើសំណើគម្រោងថ្មីៗបន្ថែមទៀតដោយផ្តោតសំខាន់លើការគាំទ្រដល់ជនពិការនៅក្នុងទីផ្សារការងារកម្ពុជាសម្រាប់ឆ្នាំ ២០២១-២០២៤ ផងដែរ។

ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសស៊ុយអ៊ែត ដែលបានជួយគាំទ្រ និងផ្តល់ជំនួយជួយដល់កម្ពុជា ទាំងផ្នែកមនុស្សធម៌ ទាំងការអភិវឌ្ឍរៀងរហូតមក។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំប្រទេសស៊ុយ អ៊ែត ជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឲ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសអោយកាន់តែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមសាកល ជាយន្តការថ្នាក់ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួងសម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រធាន, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអនុប្រធាន, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការជាសមាជិក។

កម្ពុជាបាននិងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកលនេះ ៖
១. បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
២.ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសម្លេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និងនិយោជក ក្នុងការការពារនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម។
៣.ពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តិរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងធានានូវការប្រើប្រាស់យន្តការចរចារត្រីភាគីតាមបែបប្រជាធិបតេយ្យក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
៤. ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កាលផ្សះផ្សារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រៅប្រព័ន្ធតុលាការ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល សំដៅធានាបាននូវយុត្តិធ៌មការងារ កាត់បន្ថយបាននូវបញ្ហាប្រឈមរវាងនិយោជក និងកម្មករនិយោជិត ក៏ដូចជាបង្កើនភាពជឿជាក់ លើប្រព័ន្ធដោះស្រាយវិវាទរវាងភាគីពាក់ព័ន្ធ ដែលកាន់តែធ្វើឱ្យវប្បធ៌មនៃកិច្ចសន្ទនាសង្គមមានភាពរឹងមាំ។
៥. បន្តពង្រឹងយន្តការអធិការកិច្ចការងារ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការគោរពលក្ខខណ្ឌការងារ និងសិទ្ធការងាររបស់កម្មករនិយោជិត និងនិយោជក ទប់ស្កាត់ ក៏ដូចជាបង្ការមិនឱ្យមានបញ្ហាផ្សេងៗឈានទៅរកវិវាទ និងការតវ៉ានានា។
៦. ជម្រុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ទាំងក្នុងក្របខណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ។
៧. បន្តចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងរបបសន្តិសុខសង្គមឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការផ្លាស់ប្តូរការប្រឹក្សាគ្នារវាងអ្នកប្រើប្រាស់សេវា អ្នកគ្រប់គ្រង និងផ្តល់សេវា ក៏ដូចជាអ្នកមានកាតព្វកិច្ចផ្តល់ការឧបត្ថម្ភសេវា។
៨.បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានាសំដៅគាំទ្រដល់គោលនយោបាយអភិវឌ្ឍន៍ និងគាំពារវិស័យការងារ។

ឯកឧត្តមឯកអគ្គរាជទូត ប៊ីយ៉ន ហេងម៉ាក បានថ្លែងថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-ស៊ុយអ៊ែត មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវក៏ជាសមិទ្ធផលមួយដែលភាគីស៊ុយអ៊ែតបាននិងកំពុងជួយគាំទ្រយ៉ាងពេញទំហឹងផងដែរ។

ភាគីស៊ុយអ៊ែតបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបត្តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសាកល ដំបូងគេបង្អស់នៅក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។

ឯកឧត្តមឯកអគ្គរាជទូតនឹងនាំយកនូវព័ត៌មានល្អៗនិងសមិទ្ធផលដែលភាគីទាំងពីរខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមជឿជាក់ថា សហការីរបស់ឯកឧត្តមដែលនឹងមកបន្តដំណែងជំនួសឯកឧត្តម នឹងទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីកម្ពុជា ហើយបន្តសម្រេចអោយបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *