ព័ត៌មានជាតិ

ប្រធានមន្ទីរជាច្រើនអង្គភាព បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្រេចដំឡើងឋានៈដល់មន្ទីរជំនាញ ឱ្យស្មើនាយកដ្ឋាន

(ភ្នំពេញ)៖ ក្រោយពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាស និងចេញអនុក្រឹត្យជាផ្លូវការ សម្រេចដំឡើងឋានៈមន្ទីរជំនាញរាជធានីខេត្ត គ្រប់ក្រសួង ឱ្យស្មើនឹងនាយកដ្ឋាននោះ, ប្រធានមន្ទីរជំនាញតាមបណ្តាខេត្តជាច្រើន បានបង្ហាញនូវអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានគិតគូរលើកទឹកចិត្តដល់ពួកគាត់។

ការបង្ហាញអារម្មណ៍រីករាយនេះ បានធ្វើឡើងតាមរយៈការបង្ហោះសារព្រមៗគ្នា លើគណនី Facebook របស់ពួកគាត់ ដោយមានខ្លឹមសារស្រដៀងៗគ្នាថា «ខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ យោធិន ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់និងមេភូមិ នៅទូទាំងប្រទេស។

ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ចំពោះយើងខ្ញុំ​ជាប្រធានមន្ទីរជំនាញរាជធានី ខេត្ត (ថ្នាក់ក្រោមជាតិ) ក្នុងឱកាសនេះត្រូវបានសម្តេចមហាបវរ ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ដំឡើងឋានៈយើងខ្ញុំជាប្រធានមន្ទីរ ស្មើនឹងប្រធាននាយកដ្ឋាន ដែលត្រូវតែងតាំងដោយ «អនុក្រឹត្យ» ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ​ ខ្ញុំបាទសូមគោរពជូនពរសម្តេចធិបតី លោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានប្រកាស និងចេញអនុក្រឹត្យ សម្រេចដំឡើងឋានៈជូនមន្ទីរជំនាញ, ស្នងការដ្ឋាននគរបាល, តំបន់ប្រតិបត្តិការសឹករងខេត្ត និងកងរាជអាវុធហត្ថ ដែលចំណុះឱ្យរដ្ឋបាលរាជធានី-ខេត្ត ឱ្យស្មើនាយកដ្ឋាន។

ការដំឡើងឋានៈនេះ សម្តេចបានបញ្ជាក់ថា មិនមានអ្វីខុសឆ្គងនោះទេ ហើយការដំឡើងឋានៈនេះ ដើម្បីលើកទឹកចិត្តដល់មន្ត្រី ដែលទទួលការងារកាន់តែច្រើ​ន និងលើកកម្ពស់សិទ្ធិអំណាច និងការទទួលខុសត្រូវ ហើយការដំឡើងនេះ ក៏មិនមានប៉ះពាល់ដល់ឋានានុក្រម ដឹកនាំបញ្ជាក្នុងរាជធានីខេត្តនោះដែរ។

សូមជម្រាបថា មុនការប្រកាសដំឡើងឋានៈ ប្រធានមន្ទីរជំនាញ, ស្នងការនគរបាល, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តារាជធានី-ខេត្ត មានឋានៈស្មើអនុប្រធាននាយកដ្ឋានប៉ុណ្ណោះ ដោយការតែងតាំងត្រឹមតែ ប្រកាសរបស់រដ្ឋមន្ត្រីតាមបណ្តាក្រសួងនីមួយៗ ប៉ុន្តែបន្ទាប់ពីការដំឡើងនេះ ការតែងតាំងត្រូវចេញអនុក្រឹត្យ ដោយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *