ព័ត៌មានជាតិ

ឯកឧត្តម ស្បោង សារ៉ាត ជំរុញ និងណែនាំដល់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង អនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព

ព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ហ៊ី ធួក អភិបាលរងខេត្ត ដំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារកន្លងមក សម្រាប់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅសាលាខេត្តព្រៃវែង។

កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក៏បានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៤ និង ទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័តលើ តារាងបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការសាលាខេត្តសម្រាប់ឆ្នាំ២០២៣ (ចាប់ពីខែ សីហា ដល់ខែធ្នូ ឆ្នាំ២០២៣)។

លោក ហ៊ី ធួក អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថារដ្ឋបាលខេត្ត បាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការស្រោច ស្របស្រូវរដូវប្រាំងរបស់បងប្អូនដោយឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបូមទឹកទី១ ប្រព័ន្ធស្រោចស្រពវ៉ៃគោ១ ក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតទឹក សរុបផ្ទៃដីចំនួន ៩,៨៨៣ហិកតា តាមប្រឡាយមេទី២ ប្រវែង ៤១គម និងប្រឡាយប្រមូលដុំប្រវែង៣០គម ក្នុងស្រុកកំចាយមារ ចំនួន៣ឃុំ ស្រុកមេសាង ចំនួន៦ឃុំ និងស្រុកស្វាយអន្ទរចំនួន៤ឃុំ នៃខេត្តព្រៃវែង។

ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានលើកឡើងថា មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូលរួម ដោះស្រាយបញ្ហាទឹកសម្រាប់ជួយស្រោចស្របស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែ មមាញឹកក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំងនាឆ្នាំ ២០២៤នេះ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងនៅចំណុចសំខាន់ខណ្ឌចំនួន ដោយត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពជាពិសេសគឺអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនរដ្ឋនៅតាមមូលដ្ឋានប្រកបដោយសុវត្ថិភាព។ ក្នុងនោះឯកឧត្តម ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខសូមប្រយ័ត្នឱ្យបានខ្ពស់ចំពោះបញ្ហាភ្លើងធូបភ្លើងទានដែលអាចបង្ករជាអគ្គីភ័យផងដែរ។ ត្រូវបន្តជំរុញ និងពង្រឹងនូវតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋានក្រុងស្រុកទាំងអស់ត្រូវពង្រឹងគុណភាពក្នុងការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដែលមករកសេវាទាំងអស់នោះប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ត្រូវយកចិត្តទុកដាក់តាមដាន និងជំរុញការងារប្រកបង្កើនផលស្រូវរដូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋដោយត្រូវគិតគូរអំពីបញ្ហាទឹកសម្រាប់ស្រោចស្របស្រូវរដូវប្រាំងរបស់គាត់ធ្វើយ៉ាងណាដើម្បីឲ្យការបង្ករ បង្កើតផលិត ស្រូវរដូវប្រាំងរបស់គាត់ទទួលបានទិន្នផល និងលទ្ធផលខ្ពស់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *