ព័ត៌មានជាតិ

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ទិវាជ័យជំនះ ៧មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤)

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤) ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ។

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។

ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអាននូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយរំលេចពីដំណើរការប្រារព្ធពិធីអបអរសាទរ ថ្ងៃ ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យប្រជាជាតិខ្មែរបានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

ជ័យជម្នះ ៧មករា បានដណ្ដើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រ នេះគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក ប្រកបដោយជោគជ័យក្នុងបុព្វហេតុការពារការរស់ឡើងវិញរបស់ប្រជាជន ស្ដារ និងកសាងជាតិឡើងវិញពីគំនរផេះផង់រហូតបានចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។

ការប្រារព្ធខួបទី ៤៥នៃទិវាជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល វីរយុទ្ធជន យុទ្ធនារីសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវីរកងទ័ព ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និង រាំងស្កាត់មិនឱ្យរបបនេះអាចត្រឡប់មកវិញបាន។

ក្រោមរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត កម្ពុជា ត្រូវបានប្រែក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលក្រាលជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន។ រចនាសម្ព័ន្ធសង្គមជាតិដែលទទួលរងវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាម៥ឆ្នាំរួចមកហើយនោះ ត្រូវបំផ្លាញឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់, សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនត្រូវបានបំបាត់ចោលទាំងស្រុង ប្រជាជនក្លាយជាទាសករ ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ និងត្រូវកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត។ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រជាជនជាង៣លាននាក់ ត្រូវសម្លាប់យ៉ាងអយុត្តិធម៌បំផុត រីឯអ្នកនៅរស់ក៏រង់ចាំតែដល់វេនត្រូវគេយកទៅសម្លាប់ដែរ។ ប្រាកដណាស់ថារបបប៉ុល ពត បានរុញច្រានមាតុភូមិ និងប្រជាជាតិខ្មែរឱ្យស្ថិតនៅមាត់រណ្តៅនៃគ្រោះរលាយសូន្យ ប្រសិនបើគ្មានការជួយសង្គ្រោះឱ្យទាន់ពេលទេនោះ។

សូមបញ្ជាក់ថា៖ ថ្នាក់ដឹកនាំអាជ្ញាធរដែនដី មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង បានរៀបចំអបអរសាទរថ្ងៃជ័យជម្នះ ៧មករា បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយប្រជាជនកម្ពុជា បានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះនោះទេ»៕

adm

Leave a Reply

Your email address will not be published. Required fields are marked *