ព័ត៌មានជាតិ

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និង ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សា តំណាង ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងមានការអញ្ជើចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ ស្នងការ មេបញ្ជាការ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង សូមសម្តែងនូវការកោតសរសើរ ចំពោះការយកចិត្តទុកដាក់ការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ ក្នុងរយៈពេលកន្លងទៅនេះ  ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើន ជាលំដាប់ និងដោះស្រាយបានបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជារដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បន្តថា ក្នុងបរិបទកំណែទម្រង់របស់រាជរដ្ឋាភិបាល ទិសដៅសំខាន់ៗនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា កន្លងមក ដែលជោគជ័យទី១-ការធានាដល់ប្រក្រតីភាពនៃស្ថាប័នជាតិ រដ្ឋបាលសាធារណៈ ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ, ទី២-បន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជម្រុញការចូលរួមរបស់ប្រជាពលរដ្ឋ  ជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោលនយោបាយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល និងទី៣-ជម្រុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ហើយបន្ទាប់មកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ពិសេសអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិ និងរក្សាឧត្តមប្រយោជន៍ប្រជាជន។

ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ឆ្លើយតបទៅនឹងបរិបទនេះ និងដោយផ្អែកតាមការអនុវត្តភារកិច្ចក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ជារួមបានស្តែងឲ្យឃើញអំពីសមិទ្ធផលជាច្រើន ដែលបានឆ្លើយតបទៅនឹងតម្រូវការនានា ប៉ុន្តែទន្ទឹមនោះក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរ ដែលមិនទាន់បានដោះស្រាយ និងចាំបាច់ត្រូវមានវិធានការបន្តដោះស្រាយជាបន្តទៀត។

ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា អង្គសន្និបាទនាឱកាសនេះ ប្រព្រឹត្តទៅក្នុងគោលបំណងចំនួន០៣
ទី១-ពិនិត្យផ្តល់យោបល់បំពេញបន្ថែមលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារឆ្នាំ ២០២២។
ទី២-វាយតម្លៃនូវចំណុចខ្លាំង ចំណុចខ្សោយ និងកត្តាពាក់ព័ន្ធនានា ដើម្បីដកស្រង់បទពិសោធន៍ ក្នុងការដឹកនាំ និងអនុវត្តបន្ត ។
ទី៣-លើកឡើងនូវបញ្ហាប្រឈម ដំណោះស្រាយគ្រប់បណ្តាវិស័យទាំងអស់ ព្រមទាំងលទ្ធផលនៃការដោះស្រាយបញ្ហានានា និងការឆ្លើយតប ចំពោះបញ្ហាប្រឈមទាំងនោះ ដើម្បីដាក់ចេញជាសកម្មភាពបន្ថែមសម្រាប់     បញ្ជូលក្នុងទិសដៅអនុវត្តការងារឆ្នាំ២០២៤ ប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈសន្និបាតនាឱកាសនេះ រដ្ឋបាលខេត្ត នឹងទទួលបាននូវមេរៀនបទពិសោធន៍ និងចំណុចគន្លឹះសំខាន់ៗថែមទៀត ដើម្បីជួយដល់ការដឹកនាំ និងការអនុវត្តការងារឲ្យទទួលបានជោគជ័យសម្រាប់ឆ្នាំ២០២៤ ប្រកបដោយ គុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *