ព័ត៌មានសន្តិសុខសង្គម

កិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្តិភាព​ ក្នុងខេត្តព្រៃវែង​

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែងបានរៀបចំ កិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្តិភាព​ ក្នុងខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ បានសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើន ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការដាក់ចេញគោលការណ៍ប្រតិបត្តិ អនុលោមតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងបេសកកម្មថែរក្សាសន្តិ សុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។


ឯកឧត្ដម អភិបាលខេត្ត បានបន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមានដូចខាងក្រោម៖
បទល្មើសព្រហ្មទណ្ឌ៖ កើតឡើងចំនួន ២៧៤លើក លើ ៥៦លើក បើប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ២១៨លើក ស្មើនឹង ៣៨៩%។ បង្ក្រាបបាន ១៥៩លើក លើ ២៧៤ លើក ស្មើនឹង ៥៨% នៃបទល្មើសកើតឡើង បានឃាតខ្លួនចំនួន ២៣៨ នាក់។

ការងារប្រឆាំងគ្រឿងញៀន៖ បង្ក្រាបបានចំនួន ២០៧លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៣៥៧នាក់ និងបានដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការងារបង្ក្រាបក្មេងទំនើង៖បានបង្ក្រាបចំនួន ១១លើក ឃាត់ខ្លួន ៦៣នាក់។ ល្បែងស៊ីសង បង្ក្រាបបានចំនួន ៣១លើក ឃាត់ខ្លួនចំនួន ៥១នាក់ ស្រី០៩នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៩៧ លើក ៧៤ លើក ប្រៀបធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ១២៣ លើក ស្មើនឹង ២៦៦% បណ្តាលឲ្យមនុស្សស្លាប់ចំនួ ៦៩ នាក់ របួស ៣២៨ នាក់ មូលហេតុមកពីបើកលឿន ការឆ្លងកាត់មិនប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែង និងងងុយដេក។

ឯកឧត្ដម បានបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញទិសដៅអនុវត្ត ដូចខាងក្រោម៖

គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តជំរុញយន្តការទទួលខុសត្រូវ ដឹកនាំ ត្រួតពិនិត្យ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានសកម្មភាពផុសផុលបន្ថែមទៀត។

បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងរៀបចំវេទិកាសាធារណៈ នៅ តាមសហគមន៍ភូមិ ឃុំ និងអង្គភាពនានា។

គ្រប់ឃុំ សង្កាត់ត្រូវពង្រឹង និងជំរុញសកម្មភាពក្រុមប្រជាការពារឲ្យចូលរួមរក្សាការពារសន្តិសុខ សុវត្ថិភាពតាមសហគមន៍។

ជំរុញសកម្មភាពក្រុមប្រឹក្សាប្រឡងប្រណាំង ធ្វើការត្រួតពិនិត្យវាយតម្លៃ ចំពោះឃុំ សង្កាត់ និងបុគ្គលដែលមានស្នាដៃ ដើម្បីលើកសរសើរជូនរង្វាន់ឲ្យសមស្រប។

ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បើមានប្រសាសន៍កោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្ត របស់រដ្ឋបាលខេត្តនាពេលកន្លងមក ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានយើងល្អប្រសើរ ជាពិសេសការអនុវត្តនៅភូមិឃុំ មានសុវត្ថិភាពជូនគាត់បានយ៉ាងល្អ។

ឯកឧត្តម សន្តិបណ្ឌិត ក៏សូមឲ្យរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំជំរុញ អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតធ្វើយ៉ាងណា ឲ្យសម្រេចបាននៅយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធានានៅ សុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។

ឯកឧត្តម សន្តិបណ្ឌិត ក៏សូមណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ។ ព្រោះថាគ្រឿងញៀននេះធ្វើឲ្យខូចនៅសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *