ព័ត៌មានជាតិ

សិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»

ព្រៃវែង៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»
ដែលមានអញ្ជើញចូលរួម លោក ឈាង សុវណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដៃគូសហការឧបត្ថម្ភនានាមានដូចជា សហគ្រិនខ្មែរ Khmer Enterprise សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រុមហ៊ុនMetfone ធនាគារកសិកន និងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន 250នាក់។

នៅក្នុងឱកាសនោះ លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញថាសហគ្រាសធុនតូច និងមធ្យម ត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ការជម្រុញទីផ្សារក្នុងស្រុក និងការជម្រុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់ ។

លោក ឧកញ៉ា បន្តថា សិក្ខាសាលានេះមានការសហការ ជាមួយដៃគូរឧបត្ថម្ភនានា មានគោលបំណងដើម្បីជួយជម្រុញគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម និងដើម្បី ស្នើសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងធនាគារដៃគូររបស់ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ។

លោកឧកញ៉ា បន្ថែមថា ការរៀបចំសិក្ខាសាលា ដូចគ្នានេះ នៅជុំទី១ រួចមកហើយនៅទូទាំង២៥ រាជធានី-ខេត្ត ហើយកម្មវិធីសិក្ខាសាលាថ្ងៃនេះគឺធ្វើជុំទី២ ដើម្បីផ្តល់ចំណេះដឹង និងអត្ថ ប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុកនិងការ នាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម ក្រុម ហ៊ុនដៃគូ គោលបំណងសំខាន់មួយទៀត គឺប្រមូលបញ្ហាប្រឈមនានាក្នុងអាជីវកម្ម។

លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្ត បានលើកឡើងដែរថា កម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយសារតែស្រង់នូវបញ្ហាប្រឈមរបស់ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ហើយបញ្ហាប្រឈម ដែលកើតចំពោះម្ចាស់ សហគ្រាសនោះ រួមមាន៖ ចំណេះដឹងថ្មីៗ ដំណើរការនៃការត្រៀមខ្លួនក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ទទួល បានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹងប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ។

លោក អភិបាលរងខេត្ត បន្តថា កម្មវិធីសិក្ខាសាលាថ្ងៃនេះ មានចំណុចល្អ គឺបានឱ្យម្ចាស់សហសហ គ្រាស បំពេញនៅកម្រងសំណួរ អង្កេតស្វែងរកបញ្ហាប្រឈម ក្នុងដំណើរការអាជីវកម្ម និងឱ្យម្ចាស់សហគ្រាសបានជួប ផ្ទាល់ជាមួយធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ដែលអាចជួបគ្នាផ្ទាល់ ព្រមទាំងលើកឡើងសេចក្តីត្រូវការរបស់ខ្លួន ទៅ កាន់ធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុន តូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្តុំជាឯកសារនឹងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាស។ ហើយកម្មវិធីសិក្ខាសាលាថ្ងៃនេះ ក៏ឱ្យធនាគារ ក្រុមហ៊ុន ធ្វើបទ បង្ហាញអំពីសេវាកម្មផលិតផល ដែលផ្តល់ជូនដល់សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខា សាលាថ្ងៃនេះ។

លោក អភិបាលរងខេត្ត សង្ឃឹមយ៉ាងថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលានេះ និងយកចិត្តទុកដាក់ក្នុងការចូលរួមសកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួលការ បណ្តុះបណ្តាលក្នុងកម្មវិធីនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មី បន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *