ព័ត៌មានជាតិ

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣- ២០២៤

ព្រៃវែង៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ មន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ សម្រាប់ជាថ្ងៃចូលរៀនដំបូង របស់ ប្អូនៗ សិស្សានុសិស្ស កូនចៅចូលរៀនសូត្របន្ទាប់ពីការសម្រាក ការសិក្សាអស់រយៈពេលខ្លីកន្លងមកនេះ ដែលពិធីនេះមានការអញ្ជើញចូលរួមលោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ដែលប្រារព្ធធ្វើនៅសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។

ថ្លៃនៅក្នុងឱកាសនោះដែរលោកស្រី ឆៃ សុគន្ធា  អនុប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា វិស័យអប់រំនៅក្នុងខេត្តព្រៃវែងមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយក្នុងនោះដែរលោកស្រីក៏បានលើកឡើងបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាពីទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ មានសិស្សប្រឡងជាប់ ៦,២៧២ នាក់ ស្រី ៣,៦៣២ នាក់ ស្មើនឹង ៧៨,៧៩% ក្នុងនោះស្ត្រី ៨៤,៣៥%

សិស្សជាប់និទ្ទេស A ៨៥ នាក់ ស្រី ៥២ នាក់។
សិស្សជាប់និទ្ទេស B ៥០១ នាក់ ស្រី ២៧៩ នាក់។
សិស្សជាប់និទ្ទេស C ១,៣៧៤ នាក់ ស្រី ៨៨២ នាក់។
សិស្សជាប់និទ្ទេស D ២,១៧៩ នាក់ ស្រី ១,៣០៩ នាក់។
សិស្សជាប់និទ្ទេស E ២,១១៥ នាក់ ស្រី ១,១០១ នាក់។

ថ្លែងនៅក្នុងពិធីនោះផងដែរ លោកស្រី ហ៊ន់ សុធារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត ក៏បានលើកឡើងនៅសារលិខិតសំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានខ្លឹមសារដូចជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ ៦ ឆ្នាំនៅតាម សាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។

លោកស្រី អភិបាលរងខេត្ត បានបន្តថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ក៏អាចចាត់ទុកជាថ្ងៃដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភាចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា”និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ “លើកកម្ពស់ គុណភាពអប់រំ” ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈ ការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖
ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។


ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារ នៅតាមសាលា
ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។

ឆ្លើយតបនឹងស្មារតីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលចំណុចគន្លឹះ ទាំង៤ ខាងលើ ទៅក្នុង “ស្តង់ដាសាលារៀនគំរូ» ចំនួន៥ សម្រាប់មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ ជាងនេះទៅទៀត ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អ របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង, ១០ភាគរយ លើបំណិន, និង ១០ភាគរយ លើសីលធម៌ និងចរិយាធម៌។

នៅថ្ងៃនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏សូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡង ប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍, លក្ខណៈវិនិច្ឆ័យ, និងនីតិវិធី នៃការវាយតម្លៃសាលាស្អាតរួចមកហើយ ព្រមទាំងមានផ្ដល់ជូនរង្វាន់លើកទឹកចិត្ត ក្នុងឱកាសនៃ សន្និបាតអប់រំប្រចាំឆ្នាំផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *