ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់   បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារចុះបញ្ជីដីធ្លី​ ជូនដល់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តព្រៃវែង ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង តំណាងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត។

លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា សកម្មភាពការងារចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសតំបន់វិនិច្ឆ័យចំនួន ២៦ ភូមិ ស្មើនឹង ៤ ឃុំសង្កាត់, វាស់វែងចំនួន ៣៩,៦៣៥ ក្បាលដី, ប្រមូលទិន្នន័យបានចំនួន ៣៩,៦៣៥ ក្បាលដី, បញ្ចូលទិន្នន័យចំនួន ៣៩,៦៣៥ ក្បាលដី, គូរចំនួន ៣៩,៦៣៥ ក្បាលដី, បិទផ្សាយចំនួន ៣១,៩៣១ ក្បាលដី ស្មើនឹង ២៥ ភូមិ ២១ ឃុំ សង្កាត់, ហត្ថលេខាចំនួន ៥១,០៣៥ ក្បាលដី, ចែកប័ណ្ណចំនួន ៣៧,៤៣៦ ក្បាលដី។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថា ដើម្បីឲ្យការងារចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រៃវែងឲ្យទទួលបាន ឆាប់រហ័សតាមការកំណត់របស់ក្រសួង ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងទឹកដីនៃខេត្តព្រៃវែង សូមឱ្យ ប្អូនៗជាមន្ត្រីស្ម័គ្រចិត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់នៅបទបង្ហាញនានារបស់គ្រូរទេស ដើម្បីធ្វើយ៉ាងណាឲ្យការងារ វាស់វែងដីធ្លីនេះទទូលបានលទ្ធផលនិងសម្រេចបានតាមគោលដៅដែលក្រសួងចង់បាន។

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ប្អូនៗក្មួយៗ អ្នកស្ម័គ្រចិត្តដែលបានចូលរួម ក្នុងការចុះរៀបចំវាស់វែង ដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធក្នុងទឹកដីនៃខេត្តព្រៃវែងនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ជាមួយនឹងក្រសួង ក៏ដូចជារាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យការងារ វាស់វែងដី ធ្លីដែលមានលក្ខណៈជាប្រព័ន្ធនេះឲ្យបាន ឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មិនទាន់មានប័នកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យគាត់បានទទួលបានទាំងអស់នោះ ដើម្បីគាត់យកទៅប្រើប្រាស់តាមការចាំរបស់ខ្លួន។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមទៀតថា ការងារចុះវាស់វែងដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធទាំងអស់នេះ គឺជាការងារមួយដែលមិនងាយស្រួលប៉ុន្មាននោះទេ គឺតែងតែមានបញ្ហាខ្លះ សម្រាប់ក្មួយៗប្អូនៗដែល ជាមន្ត្រីស្ម័គ្រចិត្ត ក៏ដូចជាមន្ត្រី នៅពេលដែលចុះវាស់វែងផ្ទាល់។

ឯកឧត្ដម មានប្រសាសន៍បន្តទៀតថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃ នៅក្នុងទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅ ប្រព័ន្ធតុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ដើម្បីជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់ចប់នៅទូទាំងប្រទេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមចុះបញ្ជីដីបន្ថែម សំដៅបង្កើនល្បឿនការងារដោយគាំទ្រ បន្ថែមនូវឧបករណ៍ មធ្យោបាយ និងថវិកា។ ក្នុងការបង្កើតបន្ថែមក្រុមការងារនេះ គឺត្រូវការបន្ថែមនូវ ធនធានមនុស្សផងដែរ ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងមានគោលការណ៍ប្រើកម្លាំងដែល មានស្រាប់តាមខេត្តនីមួយៗផង ប្រើកម្លាំងអន្តរាគមន៍ផង និងប្រើកម្លាំងពីក្រុមហ៊ុនឯកជនផង។ វគ្គបណ្តុះបណ្តាលនាពេលនេះ យើងមានមន្ត្រីក្រុមការងារចំនួន ១២ ក្រុម និងមានមន្ត្រី សរុបចំនួន ២៤៥ នាក់ ក្នុងនោះមានមន្ត្រីពី មន្ទីរជនសសខេត្តផង មន្ត្រីភូមិបាលក្រុង-ស្រុកផង និងប្អូនៗជាមន្ត្រីស្ម័គ្រចិត្តផង ដែលនឹងត្រូវចុះកិច្ចសន្យាជាមួយកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដើម្បីធ្វើការរួមគ្នាក្នុងក្រុមចុះបញ្ជីដី។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងផ្តោតទៅលើប្រធានបទ ដូចជា÷ ក្រមសីលធម៌វិជ្ជាជីវៈ និងការរៀបចំផែនការការងារ, ការផ្សព្វផ្សាយជាសាធារណៈ និងការចូលរួមពីសហគមន៍ និងការរៀបចំដែនដី, ការកំណត់ព្រំ និងការវាស់វែង, ការងារវិនិច្ឆ័យ, ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)៕

adm

Leave a Reply

Your email address will not be published. Required fields are marked *