ព័ត៌មានជាតិ

ឯកឧត្ដមវេជ្ជបណ្ឌិត ញា ប៊ុនថន រួមជាមួយមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង


  1. (កំពត) ៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត រួមជាមួយមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ដែលកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានពិនិត្យពីអគារមួយទៅអគារមួយ ឃើញថាស្ថានភាពទឹកលិចចូលក្នុងអគារទាំងអស់ កំពស់ទឹក ៩០ សង់ទីម៉ែត្រ ដែលមានលក្ខណ:ហូរខ្លាំងមធ្យម ដោយត្រូវរៀបចំ ឱសថ ឧបករណ៍បរិក្ខាពេទ្យ ទូរវ៉ាក់សាំង និងឯកសារផ្សេងៗទាំងអស់ ដាក់លើធ្នើខ្ពស់ផុតពីទឹក មានការខូចខាតតិចតួច ហើយសម្រាប់ទីតាំងមន្ទីរពេទ្យពុំអាចដំណើរការបានទេ ដោយឡែកអ្នកជំងឺកំពុងសម្រាកព្យាបាល និងក្រោយវះកាត់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត។

ឆ្លៀតក្នុងឱកាសនោះ នាពេលរសៀលថ្ងៃខែឆ្នាំដដែល ឯកឧត្ដមវេជ្ជបណ្ឌិត ក៏បានឆ្លៀតឈាងចូលទៅពិនិត្យមើលមន្ទីរពេទ្យបង្អែកស្រុកបាទី និងមណ្ឌលសុខភាពត្រពាំងក្រសាំង ខេត្តតាកែវ ផងដែរ។ ឯកឧត្ដមបានពិនិត្យពីស្ថានភាពទឹកនៅទីនោះ ដោយមានពុំលេចចូលក្នុងអគារទេ ហើយសកម្មភាពការងារនៅក្នុងមន្ទីរពេទ្យដំណើរការធម្មតា ពុំមានប៉ះពាល់ដល់គ្រឿងបរិក្ខារពេទ្យ ទូរវ៉ាក់សាំងនោះទេ ហើយសកម្មភាពការងារនៅបន្តធ្វើធម្មតា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *