ព័ត៌មានជាតិ

ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត

ភ្នំពេញ% ក្រសួងព័ត៌មាននឹងពង្រឹងច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ នៅសាលចតុមុខមង្គល។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា អ្នកសារព័ត៌មានត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងជៀសវាងក្នុងការផ្សាយព័ត៌មានដែលមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំ។

ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម នេត្រ ភត្រាបានបញ្ជាក់បន្តទៀតថា បច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលមិនទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួនមិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននៅព័ត៌មានមិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ដូចនេះ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃការការពារផលប្រយោជន៍នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួនដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេសនឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភត្រា បានបញ្ជាក់ឲ្យដឹងទៀតថា ដូចនេះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជាការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *