ព័ត៌មានជាតិ

បង្ក្រាបរថយន្ត២០គ្រឿង ដែលអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយ នៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធ និងពាក់ស្លាកលេខក្លែងក្លាយនៅខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
ការចុះបង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មើស។
លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។

លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ បង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លាកលេខក្លែងក្លាយ រួមមាន៖
* ខេត្តត្បូងឃ្មុំ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង រថយន្តLexus RX 400H ចំនួន២គ្រឿង និងរថយន្តLexus RX 350 ចំនួន១គ្រឿង។
* ខេត្តក្រចេះ មានរថយន្ត Lexus RX 330 ចំនួន៤គ្រឿង។
* ខេត្តមណ្ឌលគិរី មានរថយន្ត Lexus RX 330 ចំនួន៥គ្រឿង និងរថយន្ត Lexus RX 400H ចំនួន៤គ្រឿង។ សរុបទាំងអស់មានរថយន្តចំនួន២០គ្រឿង។
រថយន្តអត់ពន្ធទាំងម្ភៃគ្រឿងនេះបាននាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងគយចល័តតំបន់៦ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុបង់ពន្ធទៅតាមនីតិវិធីច្បាប់គយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *