ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែងបើកកិច្ចប្រជុំត្រៀមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្ដាសាយបក្សីក្នុងខេត្តព្រៃវែង

ព្រៃវែង៖ ក្រោយពីរមានករណីរកឃើញ ជំងឺផ្តាសាយបក្សី(H5N1) ដែលកើតលើកុមារីអាយុ ២ ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិវាល ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងបណ្ដាលឱ្យស្លាប់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។ នៅរសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមបង្ការទប់ស្កាត់ការរីករាលដាលឆ្លង នៃជំងឺផ្ដាសាយបក្សីក្នុងទឹកដីនៃខេត្តព្រៃវែង។ ដោយកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកទាំង ១៣ នៃខេត្តព្រៃវែង។

ថ្លែងនៅក្នុងឱកាសនោះដែរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ក៏បានណែនាំដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវចុះអប់រំណែនាំផ្សព្វផ្សាយ និងទប់ស្កាត់រាល់ការចល័តសត្វពីតំបន់មួយទៅតំបន់មួយ និងធ្វើការយកសំណាក់ទៅពិនិត្យដើម្បីបង្កាទប់ស្កាត់រាលដាលឆ្លងនៃជំងឺផ្តាសាយបក្សី ពីតំបន់មួយទៅតំបន់មួយ និងពីសត្វទៅមនុស្ស។

ក្នុងនោះដែឯកឧត្តម អភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី ពីបក្សីទៅបក្សី ពីបក្សីទៅមនុស្ស និងក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំដល់ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ត្រូវអនុវត្តនូវ វិធានការ ដូចខាងក្រោម៖

១. ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឲ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី នឹងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើតការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងខេត្ត និងចាត់វិធានការឲ្យបានទាន់ពេលវេលាក្នុងករណី សង្ស័យមានជំងឺផ្ដាសាយបក្សី។

២. ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែម ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។

៣.ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិផលបក្សីខុសច្បាប់ដែលឆ្លងកាត់ការច្រកទ្វាព្រំដែន និង នាំចេញចូលទាំងក្រៅរខេត្ត នឹងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរ មូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។

៤. រាល់ការចរាចរបក្សី និងផលិតផលពីបក្សី ពីតំបន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សី ឬសង្ស័យមានជំងឺ ផ្ដាសាយបក្សី អាជ្ញាធរមានសមន្តកិច្ច ត្រូវធ្វើការត្រូតពិនិត្យឲ្យហ្មងចង់ស្របតាមបទដ្ឋានបច្ចេកទេស ។

៥. ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងចិញ្ចឹមបក្សី ពេលចរាចរដឹកជញ្ជូនបក្សី នឹងផលិតពីបក្សី សកម្មភាពពិឃាតបក្សី នឹងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី និងវិធានការពារជំងឺផ្តាសាយបក្សី។

៦. ធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនត្រូវបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបបក្សីសម្រាប់បរិភោគត្រូវចំអិនឲ្យបានឆ្អិនល្អ និងត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបសុបបក្សី។

៧, ករណីសង្ស័យមានជំងឺផ្តាយបក្សី ឬប្រជាពលរដ្ឋមានអាការៈគ្រុនក្ដៅលើសពី ៣៨.៥ អង្សារសេ ក្អកពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមធ្វើការទំនាក់ទំនង ឬ រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។

នៅក្នុងនោះផងដែរលោក អ៊ុក សំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងនេះភ្លាមលោក និងក្រុមការងារព្រមទាំងមន្ត្រីជំនាញបានចុះទៅដល់ទីតាំងផ្ទាល់តែម្ដងតាំងពីម៉ោង ៤ ទៀបភ្លឺដើម្បីយកសំណាក់សត្វទាំងអស់នោះដើម្បីធ្វើតេសរក ជំងឺផ្តាសាយបក្សីនេះ។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង ក្រោយពីទទួលបានព័ត៌មាននោះភ្លាមនៅវេលាម៉ោង 20 និង១៥ នាទីយប់ ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានឲ្យក្រុម RRT-PHD-OD-HC ស្មោងត្បូង ចុះទៅបញ្ជាក់ករណី និងស្វែងរកផ្ទះកុមារដែលបានស្លាប់ដើម្បីសាកសួរបញ្ជាក់។តាមការសាកសួរ ក្រុមគ្រួសារកុមារដែលបានស្លាប់បង្ហាញថានៅផ្ទះកុមារមានមាន់ងាប់ៗជាហូរហែពិតមែន។

ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្រុមការងារRRT-PHD-OD-HC បានរៀបចំក្រុមការងារចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការការពារតាមរយៈការចែកខិតប័ណ្ណ អប់រំផ្ទាល់ មីក្រូចល័ត និងដាក់ប៉ុស្តិ៍សុខភាពដើម្បីតាមដានបន្តចាប់ពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមសហការយ៉ាងសកម្មពីលោកអភិបាលស្រុក មេភូមិ មេឃុំផងដែរ។

សូមបញ្ជាក់ផងដែថា៖ កុមារីនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដោយមានរោគសញ្ញារលាកផ្លូវដង្ហើមចាប់តាំងពី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

លុះដល់ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរពិសោធន៍អ៊ឺរុសសាស្ត្រ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ បានយកសំណាកនោះ ទៅធ្វើតេស្តម៉ូលេគុលឺ ចំនួនពីរលើក ហើយរកឃើញវត្តមាន មេរោគផ្តាសាយបក្សី (Influenza A/H5N1) ក្នុងសំណាកនោះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *