ព័ត៌មានជាតិ

សម្តេចតេជោ ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់ កុំមានការព្រួយបារម្ភអំពីចំណុច​ទាក់ទងជាមួយនឹងរឿងថា តើខ្លួនត្រូវធ្វើអ្វីទៀត?»

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់មានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ បើតាម​សម្តេចតេជោ សម្រាប់តួនាទីនេះ គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនជាអ្នកធ្វើការផ្ទាល់​ជាមួយនាយក​រដ្ឋមន្ត្រី។ ដូច្នេះអ្នកទាំងនេះ មានជម្រើសមួយ តើយកតំណែងរដ្ឋមន្ត្រីប្រតិភូ ឬជារដ្ឋលេខាធិការ?

ដោយឡែកអគ្គនាយកពន្ធដារ និងអគ្គនាយកគយ ត្រូវបានរក្សាតំណែងទាំងពីរដដែល គឺតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាអគ្គនាយក ព្រោះថាម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ជាមួយថវិកាប្រចាំថ្ងៃ និងប្រចាំខែ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្នុងអាណត្តិថ្មី នឹងយកចិត្តទុកដាក់លើមន្ត្រីចាស់ៗ ឱ្យមានការធ្វើជាបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងសារសំឡេងនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេច ឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣បន្តទៅ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងជួយធានាដល់ដំណើររបស់ជាតិកម្ពុជា​ឱ្យមានស្ថេរភាពយូរអង្វែង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *