ព័ត៌មានជាតិ

ពលរដ្ឋ៧គ្រួសារដែលរងគ្រោះបាក់ស្រុតផ្ទះចូលក្នុងទន្លេនៅស្រុកពារាំងបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់អំណោយជូនដល់ពលរដ្ឋដែលបានបាក់ស្រុតផ្ទះ ចំនួន ៧ខ្នង ទំហំ ៦មx៨ម ធ្វើអំពីឈើ នឹងថ្មដំបូលប្រក់ក្បឿងជ័រ នឹងស័ង្កសីក្នុងភូមិជំនីក ឃុំកំពុងពពិល ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។ 

មុនការប្រគល់អំណោយជូនដល់ពលរដ្ឋលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងបានមានប្រសាសន៍សួរសុខទុក្ខនឹងសំដែងការសោកស្តាយចំពោះពលរដ្ឋដែលរងគ្រោះបាក់ស្រុតផ្ទះនឹងបានលើកឡើងថាសូមបងប្អូនប្រជពលរដ្ឋទាំងអស់កុំបន្តការសាងសង់លំនៅដ្ឋានតាមច្រាំងទន្លេបន្ត ហើយអាជ្ញាធរស្រុកពារាំងនឹងចេញលិខិតជូនដំណឹងដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមច្រាំងទន្លេកុំអោយបន្តការសាងសង់លំនៅដ្ឋានទៀត។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ មានប្រសាសន៍ផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត និងគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរស់នៅតាមច្រាំងទន្លេកុំឲ្យធ្វេសប្រហែសនឹងសូមបញ្ឈប់ការសាងសង់លំនៅដ្ឋាននៅតាមច្រាំងទន្លេបន្តទៀត ហើយជាពិសេសកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន  សែន  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ

កូវីដ-១៩(Covid-19) វិធានការបង្ការការឆ្លងរាលដាលនៃជំងឺគ្រុនឈាម សុវត្ថិភាពចរាចរណ៍ នឹងគោលការណ៍គ្រឹះចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សាខាកាកបាទក្រហមខេត្តបានផ្តល់ជូនមាន:អង្ករ២៥គីឡូ តង់១ ភួយ១ កន្ទេល១ ត្រីខ១យួរ មី១កេះ នឹងថវិការចំនួន២០០.០០០រនិងអនុសាខាស្រុកពារាំង២០០.០០០រ ដោយឡែក១គ្រួសារធ្ងន់ធ្ងរជាងគេថែម៣០០.០០០រ។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះមានករណីមហន្តរាយចំនួន២៨ករណីភាគច្រើនជាករណីបាក់ស្រុតផ្ទះនៅតាមច្រាំងទន្លេ៕

IMG_3891IMG_3893

adm

Leave a Reply

Your email address will not be published. Required fields are marked *