ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង តាមរយៈប្រព័ន្ធវីដេអូ Zoom

នារសៀលថ្ងៃសៅរ៍ ១៥កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំស្នឹង តាមរយៈប្រព័ន្ធវីដេអូ Zoom។

កិច្ចប្រជុំបានពិនិត្យអំពីរបាយការណ៍របស់ ក្រុមការងារដែលបានបូកសរុបការងារសំខាន់ៗ ដែលគណបក្សឃុំដែលបានអនុវត្តក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២១ នាពេលកន្លងមកនេះ និងការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត ស្ដីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ក្រុមការងារ រួចមក ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ ឯកភាពលើរបាយការណ៍សរុបដែលបានរាយការណ៍ក្នុងអង្គប្រជុំ ហើយក៏មានការគាំទ្រខ្ពស់លើផែនការរបស់គណៈកម្មាធិការកណ្ដាលដែលបានលើកឡើង ដែលជារួមគឺជាផែនការមេរបស់គណបក្សខេត្តបាត់ដំបង។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានលើកពីសភាពការណ៍ សំខាន់ៗ របស់គណបក្សឃុំស្នឹង ដោយយោងតាមរបាយការណ៍អាចបញ្ជាក់បានថា ក្នុងឃុំស្នឹងមានលក្ខណៈល្អប្រសើរច្រើន ដោយបទល្មើសមានការថយចុះ ដោយឡែកការបង្កបង្កើនផលកសិកម្មមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋបានបន្ថែមការបង្កបង្កើនផលក្នុងរដូវប្រាំង ដែលបានធ្វើឲ្យមានការកើនឡើងនូវទិន្នផល នេះបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារផងដែរ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងមូលដ្ឋាន។

ជាមួយគ្នានេះឯកឧត្តម ក៏បានលើកឡើងលើកសរសើរពីសកម្មភាពរបស់ក្រុមការងារ ដែលបានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបគ្រោះធម្មជាតិ គ្រោះមហន្តរាយនានា ជាពិសេសនេះក្នុងអំឡុងពេលដែលប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក និងរបៀបរបបក្នុងការរស់នៅថ្មី ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ក៏បានមានប្រសាសន៍បន្ថែមថា ទាំងក្រុមការងារថ្នាក់ឃុំ និងប្រធានក្រុមការងារតាមភូមិ បានរួមគ្នាក្នុងការជួយគាំទ្រនូវការកសាងឡើងវិញ នៅហេដ្ឋារចនាសម័្ពន្ធដែលខូចខាត ដោយសារទឹកជំនន់ក្ដី ដោយសារការចាស់ទ្រុតទ្រោម ដែលមានដូចជាស្ពាន ប្រឡាយ សាលា ដែលក្រុមការងារបានខិតខំជួយស្ដារ កសាងឡើងវិញ ឬត្រូវធ្វើថ្មី បានយ៉ាងល្អប្រសើរ។

ទាក់ទងនឹងផែនការក្នុងយុទ្ធនាការក្នុងការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ ឯកឧត្តម ក៏បានបែងចែកភារកិច្ចដល់ក្រុមការងារទៅតាមដំណាក់កាល រួមមានការពិនិត្យឈ្មោះ ការចុះឈ្មោះ ការឃោសនាការបោះឆ្នោត យុទ្ធនាការការឃោះសនា ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត ហើយសម្រាប់ឃុំនឹងត្រូវរៀបចំផែនការសកម្មភាព ប្រតិទិនការងារបន្ថែមទៀតឲ្យបានច្បាស់លាស់ដើម្បីទទួលបានជោគជ័យ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *