ព័ត៌មានជាតិ

ជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែងត្រូវបានពិនិត្យព្យាបាលជំងឺជូនដោយឥគិតថ្លៃ

ព្រៃវែង៖ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញ “សំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញា ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែង” ។

ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់សមាជិកអតីតយុទ្ធជន លើមុខសញ្ញា ជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន ៥៤១ នាក់ ដែលមកពីតាមបណ្តាក្រុង-ស្រុក ចំនួន ០៧ ក្នុងខេត្ត ព្រៃវែងនេះ គឺបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងមនសិការស្រលាញ់ជាតិមាតុភូមិ និងប្រជាពលរដ្ឋ របស់យើង ក្នុងស្មារតីជាតិសាសតែមួយ។

ឯកឧត្ដម អភិសន្តិបណ្ឌិត បន្ថែមថា អ្វីដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចង់បាន នោះមិនមែនជាមាស ប្រាក់ ជាការកោតសរសើរ ឬផ្តល់ រង្វាន់នោះទេ តែគឺជាស្នាមញញឹមរបស់បងប្អូនជនពិការ និងជនបាត់បង់សមត្ថភាពការងារ បន្ទាប់ពីទទួលបានការ ព្យាបាលរួចហើយ និងត្រឡប់ទៅផ្ទះប្រកបដោយសុខ សុវត្ថិភាព។ នេះហើយគឺជាកម្លាំងចិត្តសម្រាប់ ក្រុមការងារនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនៅតែចំណាយពេលបន្តចុះពិនិត្យព្យាបាលជូន រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាស នេះដែរ យើងក៏មិនភ្លេចនឹកដល់គុណូបក្ការៈគុណដ៏ថ្លៃថ្លារបស់ បងប្អូនជនពិការ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ខិតខំដឹកនាំ កសាង ថែរក្សា ការពារប្រទេសកម្ពុជា និងប្រជាពលរដ្ឋ ទូទាំងប្រទេស ទូលបាននៅសន្តិភាពពេញលេញ ពេញផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងក្នុងនាមជា ប្រធានគណៈកម្មាធិ ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង បានលើកឡើងថា គិតចាប់ពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ស.អ.ក ខេត្តព្រៃវែង បានទទួលគម្រោងសង់ផ្ទះជូន អតីត យុទ្ធជនដែលមានជីវភាពទីទ័លក្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១៨២ ខ្នង និងបានប្រគល់ជូនអតីតយុទ្ធជនចំ ១៦២ ខ្នង នៅសល់ ២០ ខ្នងទៀត បានសាងសង់ផ្ទះរួចរាល់ និងបានឱ្យអតីតយុទ្ធជនចូលនៅ ប៉ុន្តែមិនទាន់ធ្វើពិធីប្រគល់ទទួល ។

កន្លងមក ស.អ.ក ខេត្តព្រៃវែង បានរៀបចំបញ្ជូនគ្រួសាអតីតយុទ្ធជនចំនួន ៥៤ គ្រួសារ ទៅរស់នៅ លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិស្រះទឹកអភិវឌ្ឍន៍តេជោ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅពេលជូនដល់គោលដៅ មានតែអតីតយុទ្ធជនចំនួន ៣៧ គ្រួសារ បានស្ម័គ្រចិត្តរស់នៅ ទីនោះ ដោយឡែក ១៧ គ្រួសារទៀត បានវិលត្រឡប់មកនៅភូមិកំណើតវិញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *