ព័ត៌មានជាតិ

អគារសិក្សាចំនួន ៧ ខ្នងស្មើនឹង ៣៦ បន្ទប់ ដែលចំណាយថវិកាអស់ប្រមាណជិត ៥០ ម៉ឺនដុល្លារត្រូវ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ព្រៃវែង៖ អគារសិក្សាចំនួន ៦ ខ្នងស្មើនឹង ៣១ បន្ទប់, អគារទីចាត់ការចំនួន ៤ ខ្នង, និងអគារបណ្ណាល័យចំនួន ១ ខ្នង ដែលបានសាងសង់រួចរាល់ជាស្ថាពរនៅតាមបណ្ដាឃុំមួយចំនួនស្ថិតនៅក្នុងស្រុកពោធិ៍រៀងខេត្តព្រៃវែង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស  ខេង ឧត្តមក្រុមប្រឹក្សាបផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅសាលាបឋមសិក្សាឃុំវាលព្រៅ ស្រុកពោធិ៍ រៀង ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ក៏សូមសម្តែងនូវការអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ និងចៅៗជាសិស្សានុសិស្ស នៅតាមបណ្តាសាលារៀន ដែលទទួលបាននូវ សមិទ្ធផលថ្មីជាអគារសិក្សា អគារទីចាត់ការ ក៏ដូចជាអគារបណ្តាល័យ ដើម្បីសម្រួល ដល់ការបំពេញការងារប្រចាំថ្ងៃរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់ចៅៗជា សិស្សានុសិស្ស។ ទន្ទឹមនេះ សម្តេចក្រឡាហោម ក៏សូមកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលបាន បំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យ ទទួលបាននូវចំណេះដឹង និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចក្រឡាហោម ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍បន្តថា សមិទ្ធផល ដែលបានដាក់សម្ពោធនាពេលនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់បងប្អូន អ្នកស្រុកពោធិ៍រៀងរបស់យើង និងបានចំណាយអស់ថវិកាជាច្រើនដែលផ្តើមចេញ ពីការខិតខំប្រឹងប្រែង រួមជាមួយនឹងការចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួនរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពោធិ៍រៀង ព្រមទាំងការចូលរួមបរិច្ចាគផ្សេងៗទៀត ពីសំណាក់សប្បុរសជននានា។

សម្តេចក្រឡាហោម ឧត្តមក្រុមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តនូវគោលនយោបាយសំខាន់ៗ ក្នុងការបន្តយកចិត្តទុកដាក់លើវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលធនមនុស្សនៅ កម្ពុជា ដូចដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បាន ផ្តល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការបន្តកែទម្រង់សាលារដ្ឋដោយផ្តោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ការជម្រុញការបង្កើតសាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច ព្រមទាំងជម្រុញឱ្យ មានការចូលរួមយ៉ាងសកម្មពីសំណាក់មាតាបិតា សហគមន៍ និងវិស័យឯកជន។ ការដាក់ចេញនូវគោលនយោបាយ និងវិធានការគន្លឹះទាំងនេះ គឺមានគោលដៅធ្វើឱ្យ សាលារៀនក្លាយជាអង្គភាពសេវាសាធារណៈមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូចនេះ សាលារៀន ត្រូវតែអនុវត្តតួនាទី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសលើការបង្រៀន និងការរៀន ដែលនឹងនាំទៅរកភាពវិជ្ជមាននៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស។

លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានលើកឡើងថា សមិទ្ធផលដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងសប្បុរសជនដែលបានសាងសង់រួច និង រៀបចំពិធីសម្ភោធនាថ្ងៃនេះ មាន៖-សាលាមត្តេយ្យសិក្សាវាលជ្រៅ០១ខ្នង០៣បន្ទប់ ,សាលាបឋមសិក្សាវាលជ្រៅ ០២ខ្នង០៩បន្ទប់, និង ក្លោងទ្វារ០១, សាលាបឋមសិក្សាហ៊ុនសែន យាយសល់០១ខ្នង០៦បន្ទប់, និងទីចាត់ការ០១ខ្នង, សាលាបឋមសិក្សាពោធិ៍រៀងជើង ០១ខ្នង ០៦បន្ទប់, សាលាបឋមសិក្សាកំពង់ឫស្សី ០១ខ្នង ០៦បន្ទប់, និងទីចាត់ការ០២ខ្នង, អគារបណ្ណាល័យ ០១ខ្នង, និង អនុវិទ្យាល័យព្រៃកន្លោង ០១ខ្នង ០៦បន្ទប់, សរុបចំណាយជាថវិកាចំនួនៈ៤៨៤,៥៦៨ ដុល្លា ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *