ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង   អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ 

ព្រៃវែង៖ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ បញ្ចស័ក ព.ស២៥៦៧ ខាងមុខនេះ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ក្រៃលែង សម្រាប់បុព្វហេតុ បន្តកសាងការពារមាតុភូមិកម្ពុជាយើង ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនជាបន្ត ទៀត។

សម្ដេចក្រឡាហោម  បានមានប្រសាសន៍បន្តថា  ពិតមែនតែការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោត អសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថា សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអ្នកបោះឆ្នោត គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែល បានប្រសូតចេញពីឆន្ទៈរបស់ប្រជាជន។ គណបក្សប្រជាជនកម្ពុជាបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តឱ្យ បានសម្រេចនូវកម្មវិធីនយោបាយនានារបស់គណបក្សដែលបានប្រកាសជូន ជនរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីឆ្នាំ២០២២ កន្លងមក ព្រមទាំងកម្មវិធីនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ក្នុងឱកាសនេះ សម្ដេចក្រឡាហោម សូមគូសបញ្ជាក់នូវគោលការណ៍ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ដែល គណបក្សប្រជាជនកម្ពុជាបានកំណត់ក្នុងគោលការណ៍សំខាន់ៗនៃកម្មវិធី នយោបាយរបស់គណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដូចខាងក្រោម៖

– គណបក្សប្រជាជនកម្ពុជាប្តេជ្ញាលើកកម្ពស់ការគោរពសិទ្ធិធ្វើជា ម្ចាស់របស់ប្រជាពលរដ្ឋ ធ្វើឱ្យកាន់តែប្រសើរឡើងនូវឥរិយាបទរបស់មន្ត្រីរាជការ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ និងពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាពក្នុងការអភិវឌ្ឍមូលដ្ឋាន ដោយឈរលើ គោលការណ៍គន្លឹះនៃអភិបាលកិច្ចល្អ គឺភាពជាតំណាង ការចូលរួមរបស់ប្រជាពលរដ្ឋ ការឆ្លើយតប ប្រសិទ្ធភាព សុចរិតភាព តម្លាភាព គណនេយ្យភាព នីតិរដ្ឋ បរិយាបន្ន និងសមធម៌សង្គម។

– ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានផ្ដល់ស្វ័យភាព សិទ្ធិអំណាចក្នុងការដាក់ ចេញគោលនយោបាយសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន និងការធ្វើសេចក្តី-

សម្រេចចិត្តដោយឆន្ទានុសិទ្ធិ ក្នុងការប្រើប្រាស់ថវិកា ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដែលបម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

– ក្រុមប្រឹក្សាឃុំ សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់ លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងដែនសមត្ថកិច្ច របស់ខ្លួនស្របតាមការកំណត់នៃច្បាប់។

– បង្កើនល្បឿនការផ្ទេរមុខងារភ្ជាប់ជាមួយធនធានមនុស្ស ធនធាន ហិរញ្ញវត្ថុ និងសិទ្ធិអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិឱ្យបានកាន់តែច្រើន និងទាន់ពេលវេលា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន

– បង្កើនការផ្ទេរធនធានហិរញ្ញវត្ថុពីថវិការដ្ឋបាលថ្នាក់ជាតិដល់មូលនិធិឃុំ សង្កាត់ តាមរយៈកំណើនចំណូលចរន្តថវិកាជាតិ និងបង្កើនអត្រាវិភាជន៍ប្រចាំឆ្នាំ នៃមូលនិធិឃុំ សង្កាត់ ពី ៣,៤% នៅឆ្នាំ២០២៣ ដល់ ៣,៥% ចាប់ពីឆ្នាំ២០២៤, បន្តការផ្ទេរធនធានបន្ថែម ១% ជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋាន និងបង្កើនការចែករំលែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្តពី ៥,៥% នៅឆ្នាំ២០២៣ ដល់ ៦% ជូនរដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២៤ តទៅ ដើម្បីឱ្យឃុំ សង្កាត់កាន់តែមានលទ្ធភាពក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន – សិក្សាលទ្ធភាពចែករំលែកប្រភពចំណូលមិនមែនសារពើពន្ធ ពីថ្នាក់ជាតិ ជូនរដ្ឋបាលឃុំ សង្កាត់។

– បង្កើតឱ្យមានយន្តការប្រកួតប្រជែងដោយផ្អែកលើសមិទ្ធកម្មនៅរដ្ឋបាល ឃុំ សង្កាត់ ដើម្បីពង្រឹងសមត្ថភាពនៃការគ្រប់គ្រងធនធាន ហិរញ្ញវត្ថុ និងដើម្បី ទទួលបានធនធានហិរញ្ញវត្ថុបន្ថែមសម្រាប់ការអភិវឌ្ឍមូលដ្ឋាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *