ព័ត៌មានជាតិ

អគារសិក្សាថ្មី ០១ខ្នង មាន ០៦បន្ទប់ ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១០ម៉ឺនដុល្លា ត្រូវបាន ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ព្រៃវែង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរនិងស្រុកកញ្ជ្រៀច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី ០១ ខ្នងដែលមាន ៦ បន្ទប់ និងបន្ទប់ ទឹក ០១ខ្នង មាន ០៤បន្ទប់ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ស្ថិតនៅភូមិពោធិ៍ចិន្ដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ស្រុកស្វាយអន្ទរ ក្នុងការបំពេញតម្រូវការចាំបាច់ក្នុងការសិក្សា របស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្ស យ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា ប្រភពនៃចំនេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងរបស់ ក្មួយៗ​ ចៅៗ សិក្សារៀនសូត្រទទូលបានចំណេះដឹង​ ដេីម្បីអភិវឌ្ឍន៍ខ្លួន​ ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តទៀតថា៖​ ក្រោមម្លប់សុខសន្តិភាព​ បានធ្វើឲ្យប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រៃវែង មានការរីកចម្រេីនលេីគ្រប់វិស័យ​ ជាក់ស្តែងវិស័យអប់រំ​ សាលារៀនបានរីកដុះដាលគ្រប់ទីកន្លែង​ ងាយស្រួលដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្រោមគោលនយោបាយ​ ឈ្នះ​ឈ្នះ​ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេច​ អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​។ ដូច្នេះក្មួយៗសិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ​ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់​ ក្លាយជាមនុស្សមួយផ្សេងទៀត​ បាត់បងសតិអារម្មណ៍​ ហា៊នធ្វេីអ្វីៗគ្រប់យ៉ាង​ និងធ្វេីឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរ ដល់រដ្ឋបាលស្រុកស្វាយអន្ទរ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសការបម្រើនូវសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ បានរាយការណ៍ថា៖ ក្រុមគ្រួសារលោក ឈុន គង់ និងលោកស្រី ស៊្រុន ដានី លោក ស៊ិន បូរ៉ា និងលោកស្រី ឆាម ចាន់ថា លោក ស្រូយ លីម៉ង់ និងលោកស្រី សេង ស្រីនាង សប្បុរសជនស្រុកស្វាយអន្ទរ “តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន” បាន ផ្តល់អគារសិក្សាថ្មី ០១ខ្នង មាន ០៦បន្ទប់ ដែលបានចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០២២ និងបញ្ចប់ការសាង សង់ជាស្ថាពរនៅចុងខែធ្នូឆ្នាំ២០២២ ដើម្បីឧទ្ទិសជូនលោកឪពុក តាំង ថៃស្រ៊ុន និងអ្នកម្តាយ ស៊ឹង មួយ ។

អគារសិក្សា នេះសាងសង់អំពីប្រភេទបេតុង សសរធ្នឹម ជញ្ជាំងរៀបឥដ្ឋម្ភៃ គ្រោងដំបូលធ្វើអំពីដែក និងប្រក់ក្បឿងក្បាច់ បាតក្រោម រៀបការ៉ូទាំង ០៦បន្ទប់ បង្អួច ទ្វារធ្វើអំពីដែក តុ កៅអីអង្គុយធ្វើអំពីដែកនិងឈើ។ ព្រមជាមួយនេះ ក៏បានសាងសង់បន្ទប់ ទឹក ០១ខ្នង មាន ០៤បន្ទប់ បំពាក់ប្រព័ន្ធអគ្គិសនី អំពូលភ្លើង កង្ហារ និងរៀបចំចាក់សាបបំពេញទីធ្លាជុំវិញបរិវេណអគារ ចំនួន ៤០០ ម៉ែត្រការ៉េ សរុបថវិកាចំណាយ ១០ម៉ឺន ១៦៨ ដុល្លារ។ លោក អភិបាលស្រុក បានរាយការណ៍បន្តថា  ក្រុមគ្រួសារ លោក រស់ ណេង សប្បុរសជនស្រុកស្វាយអន្ទរ “តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន” ក៏បានផ្តល់អគារសិក្សាថ្មី ០១ខ្នង មាន ០៦បន្ទប់ នៅសាលាបឋមសិក្សាថ្លាវ យូមេ ស្ថិតក្នុង ឃុំស្វាយអន្ទរ ដែលគ្រោងនឹងបញ្ចុះបឋមសិលាសាងសង់នាថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដែលចំនាយថវិកាប្រមាណជាង ១០ម៉ឺនដុល្លា ផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *