ព័ត៌មានជាតិ

ឯកឧត្ដម ជា សុមេធី អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីត្រៀមក្នុងការបើកអោយដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំ មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង និងមើលលើការរៀបចំវិទ្យាល័យព្រះអង្គឌួង ស្ថិតនៅភូមិ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្រុកពារាំង ខេត្តព្រៃវែង ដើម្បីត្រៀមក្នុងការបើកអោយដំណើរការចូលរៀនឡើងវិញ នាពេលខាងមុខនេះ ដែលការអញ្ជើញចុះពិនិត្យនេះគឺនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានលើកឡើងថា ការចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការរៀបចំសាលារៀនដើម្បីបើកឲ្យដំណើរការឡើងវិញនៅពេលខាងមុខនេះ  ដោយយោងតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អោយអភិបាលរាជធានី – ខេត្ត ត្រូវត្រៀម រៀបចំបើកសាលារៀនឡើងវិញនៅតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងចំនួន តិចនៃជំងឺកូវីដ-១៩ ដូច្នេះ ឯកឧត្ដម អភិបាលខេត្ត ក៏ស្នើរសុំដល់អភិបាលក្រុង -ស្រុកទាំង១៣ ត្រូវចុះរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសាលារៀនទាំងអស់ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក នីមួយៗ ជាពិសេស កាលពីកន្លងមក សាលារៀនមួយចំនួន ត្រូវបានយកធ្វើជាកន្លែងសម្រាប់ចត្តាឡីស័ក និងជាកន្លែង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ត្រូវរៀបចំអោយបាន ស្អាតឡើងវិញ។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានស្នើរអោយប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ពិនិត្យ និង ណែនាំ តាមសាលានីមួយៗ ជាពិសេស នាយកសាលា នីមួយៗ ត្រូវសហការជាមួយនឹងមន្ទីរពេទ្យបង្អែក ការិយាល័យអប់រំស្រុក និងអភិបាលស្រុកនិមួយៗ ដើម្បីពិនិត្យ និងវាយតម្លៃមើលលទ្ធភាពទីតាំងដែលមានហានិភ័យទាប ហានិភ័យមធ្យម និងហានិភ័យខ្ពស់មុននឹងស្នើសុំបើក សាលាឡើងវិញ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ក៏បានជំរុញដល់ អភិបាលក្រុង – ស្រុក និងមន្ទីរពាក់ព័ន្ធត្រូវបន្តអប់រំ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តតាម វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេស ប្រសាសន៍ ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នូវវិធាន ៣ការពារ និង ៣កុំ អោយបានគ្រប់ៗគ្នា ដើម្បីរួមគ្នា បង្ការ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ឌែលតា (Delta) អោយមាន ប្រសិទ្ធភាពខ្ពស់ ក្នុងខណៈដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៍ត្រូវជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ អោយបានគ្រប់ៗគ្នាផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *