ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ទទូលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ


ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញទទូលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣។ 

ថ្លែងមានប្រសាសន៍នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា អស់ រយៈពេល ៣០ឆ្នាំ នៃ ការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងរូបសម្តេចព្រមទាំងឥស្សរជនជាន់ខ្ពស់ និង សប្បុរសជននានា បានធ្វើឱ្យនិស្សិតបញ្ចប់ការសិក្សាជិតពីរម៉ឺននាក់ បានក្លាយជា ធនធានមនុស្សដ៏សំខាន់ចូលរួមក្នុងការបម្រើការងារនៅតាមបណ្ដាស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងខ្លះទៀតបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស រួមចំណែក ដល់ការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិមកទល់បច្ចុប្បន្ន។ បើ ទោះបីជាទីតាំងនេះនាពេលនោះ ជាតំបន់ដាច់ស្រយាលនៃប្រទេសក៏ដោយ សិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ ក៏ដូចជាតំបន់ដទៃទៀតទូទាំង ប្រទេស អាចមានលទ្ធភាពបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សានៅទីនេះ។ សម្តេចនៅតែជឿ ជាក់ឱ្យតម្លៃ និងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តមសិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញ វិជ្ជាជីវៈ ប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់ យ៉ាងតិចដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណា សម្តេចនៅមានកម្លាំង និងធនធាន សម្តេច នៅតែបន្តគាំទ្រដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ។ 

ថ្លែងក្នុងឱកាសនេះ សម្តេចក្រឡាហោម សូមអរគុណ ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏ដូច ជាសាស្ត្រាចារ្យនៅក្នុងសាកលវិទ្យាល័យ ដែលបានផ្ដល់នូវការវាយតម្លៃខ្ពស់សម្រាប់ រូបសម្តេច ហើយចាប់ផ្តើមពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារនេះ  សម្តេចក្រឡាហោម នឹងមានមូលដ្ឋានដើម្បីស្វែងរកបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅទីតាំងផ្សេងទៀតនៅតាម បណ្តាខេត្ត ដើម្បីបំពេញតម្រូវការមូលដ្ឋានក្រៅពីរាជធានីភ្នំពេញដើម្បីបង្ខិតឱ្យកាន់ តែជិតប្រជាពលរដ្ឋ ជាពិសេសក្មួយៗសិស្ស-និស្សិត ដែលមិនមានលទ្ធភាពបន្តការ សិក្សានៅរាជធានីបាន។ 

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ជំនាន់សម្តេច កុំថាឡើយថ្នាក់ឧត្តមសិក្សា សូម្បីថ្នាក់ បឋមសិក្សា ឬថ្នាក់មធ្យមសិក្សា ក៏មានការលំបាកក្នុងការស្វែងរកសាលារៀនដែលនៅ ជិតផ្ទះដែរ។ ប៉ុន្តែបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំថា ឡើយថា្នក់ចំណេះដឹងទូទៅ សូម្បីថ្នាក់ឧត្តមសិក្សា ក៏មានគ្រឹះស្ថានឧត្តមសិក្សាជាច្រើន ទាំងរដ្ឋ និងឯកជន ត្រូវបានបង្កើតឡើង នៅតាមបណ្តាខេត្តស្ទើរតែទូទាំងប្រទេស។ 

សម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា «សញ្ញាបញ្ជ្រាបណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ» ដែលសម្តេចទទួលបាននាពេល នេះ គឺបានមកពីការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ ដោយផ្អែកលើភាពជាក់ស្តែង នៃការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់សម្តេចក្នុង ការអភិវឌ្ឍជាតិ សន្តិភាព ស្ថិរភាពនយោបាយ និងអភិបាលកិច្ចល្អ ព្រមទាំងការអភិវឌ្ឍ នានាក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម សាសនា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ទៀត ដែលធ្វើអោយប្រជាជនទទួលបាននូវការអប់រំប្រកបដោយគុណភាពខ្ពស់ ទទួលបានសេវាសុខភាពប្រកបដោយគុណភាព មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និង ទីផ្សារដែលអាចអោយវិស័យកសិកម្មមានការរីកចម្រើន មានប្រព័ន្ធអភិបាលកិច្ចដែល ជំរុញអោយមានការរីកចម្រើនខាងសហគ្រាស និងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបង្កើត ការងារ និងលើកកម្ពស់ជីវភាពប្រជាជនកាន់តែប្រសើរឡើង ដែលនេះជាផ្នែកនៃ គោលដៅនានាក្នុងការដឹកនាំការងារកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់កម្ពុជា។ ទន្ទឹមនេះដែរ សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក៏បានទទួល ស្គាល់នូវបុរេលក្ខខណ្ឌបីសំខាន់ៗ ដែលសម្តេចបានកំណត់សម្រាប់ការអភិវឌ្ឍជនបទ ដែល មានជាអាទិ៍៖ ១. សនិ្តភាព និងស្ថិរភាព ២.ការបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី និង ៣. ការ ដាក់ចេញនូវគោលនយោបាយជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព និងគណនេយ្យភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *