ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ឯកអគ្គរដ្ឋទូត អូស្ត្រាលី ដែលចប់អណត្តិ ចូលសម្ដែងការគួរសម និងជម្រាបលា

នៅវិមានសន្តិភាព រាជធានីភ្នំពេញ, នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតអោយ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលចប់អណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមត្រូវចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម Pablo Kang បានសម្ដែងនូវក្ដីរីករាយ ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីបេសកកម្មការទូតរបស់ ឯកឧត្តម ស្ថិតក្នុងកំឡុងពេលមានជំងឺកូវីដ១៩ក៏ដោយ ឯកឧត្តម បានចូលរួមចំណែកធ្វើការមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈការជំរុញ ការផ្ដល់វ៉ាក់សាំង ឧបករណ៍រក្សាវ៉ាក់សាំង លើវិស័យដោះមីន ការបង្កើតអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី វិស័យការពារជាតិការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ានអូស្ត្រាលី។ ក្នុងឱកាសនោះដែរឯកឧត្តម Pablo Kang ក៏បានគោរពសម្ដែង នៅការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានយ៉ាងជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ាន ហើយក៏បានថ្លែងអំណរគុណផងដែរជូនចំពោះ ឯកឧត្តម Pablo Kang ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈអ្វីដែលបានលើកឡើងខាងដើម រួមទាំងវិស័យកសិកម្មផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់ទាំងវ៉ាក់សាំងកូវីដ១៩ ឧបករណ៍ថែរក្សាវ៉ាក់សាំង ដល់កម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា ជំនួយនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាឃាតករកំបាំងមុខ មិនឱ្យសម្លាប់ប្រជាជនកម្ពុជា ដែលសិទ្ធិរស់រានមានជីវិតគឺសំខាន់បំផុត សម្រាប់កម្ពុជា បើគ្មានសិទ្ធិរស់រៀនមានជីវិតទេ នោះក៏ពុំចាំបាច់និយាយអំពីសិទ្ធិអ្វីផ្សេងទៀតដែរ ។ជាក់ស្តែងដូចជាការអនុញ្ញាតឲ្យចុះចតកប៉ាល់ Westerdam ចូលចត ជាសក្ខីភាពដែលកម្ពុជា ចាត់ទុកសិទ្ធិរស់រានមានជីវិតសំខាន់ជាងអ្វីៗទាំងអស់ ប្រសិនបើកម្ពុជាបានអនុញ្ញាតឲ្យកប៉ាល់ Westerdam ចុះចតទេនោះ មិនដឹងជាវាសនាប្រជាជននៅលើកប៉ាល់នោះ ទៅជាយ៉ាងណានោះទេ ដែលនៅពេលដែលប្រទេសជាច្រើនមិនឱ្យកប៉ាល់នោះចូលចត ។

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម Pablo Kang សូមឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មនៅថ្ងៃអនាគត ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *