ព័ត៌មានជាតិ

តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ០៧នាក់ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ ក្នុងរាជធានីភ្នំពេញ ចំនួន ៣,៧៩២នាក់ ចូលមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសម និង គោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ឲ្យតែឮដំណឹងថានឹងបានជួបអ្នកបន្ទាយមានជ័យ គឺតែងតែកន្ត្រាក់អារម្មណ៍ឯកឧត្តម ឲ្យនឹករឭកដល់អនុស្សាវរីយ៍កាលពី ឯកឧត្តម នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នឹកដល់មន្ត្រីរាជការ នឹកដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនឹកដល់ប្រជាពលរដ្ឋ នៅទីនោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា ថ្ងៃនេះក្មួយៗសុំមកជូនពរពូ តែពូក៏សូមជូនពរត្រឡប់ទៅក្មួយៗវិញ២យ៉ាង ទី១៖សូមឲ្យក្មួយៗនៅទីនេះ ក៏ដូចជាក្មួៗយុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងទី២៖ សូមឲ្យជោគជ័យគ្រប់ភារកិច្ចសម្រេចរាល់បំណងប្រាថ្នាដែលខ្លួនបានប៉ង។ ឯកឧត្តមបានណែនាំថា សុខភាពមនុស្សយើងគឺសំខាន់ខ្លាំងណាស់ ដូច្នេះក្មួយៗ ត្រូវចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត នៅពេលដែលយើងមានសុខភាពល្អ នោះទើបយើងអាចមានកម្លាំងកាយកម្លាំងចិត្តទៅប្រកបកិច្ចការផ្សេងៗ ឲ្យជោគជ័យ ព្រមទាំងអាចសោយសុខលើភាពជោគជ័យរបស់យើងបាន ហើយបើចង់ជោគជ័យ យើងត្រូវហ្មត់ចត់ចាប់តាំងពីការងារតូចតាចឡើងទៅ ត្រូវមានមហិច្ឆិតានិងមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ធ្វើអ្វីក៏ដោយឲ្យអ្នកជុំវិញក៏ដូចជាថ្នាក់លើជឿទុកចិត្ត នោះយើងនឹងជោគជ័យជាមិនខាន។

ក្រោយបញ្ចប់ការសំណេះសំណាលនិងជូនពររួច ឯកឧត្តម រ័ត្ន ស្រ៊ាង បានថតរូបអនុស្សាវរីយ៍ជាមួយក្រុមតំណាងយុវនិស្សិត និងបានផ្តល់ភេសជ្ជៈថវិកាមួយចំនួនជូនត្រឡប់ទៅវិញ ដើម្បីអបអរចូលឆ្នាំថ្មីប្រណីជាតិខ្មែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *