ព័ត៌មានជាតិ

ភ្ញៀវទេសចរណ៍កាន់តែច្រើនបានទៅទស្សនាសត្វស្លាបរាប់មុឺនក្បាលនៅរមណីយដ្ឋានទួលពន្ធ័តាឡី ខេត្តព្រៃវែង កំពុងមានភាពទាក់ទាញកាន់តែខ្លាំង


(ព្រៃវែង)៖ ភ្ញៀវទេសចរកាន់តែច្រើនបានទៅទស្សនាសត្វស្លាបនៅរមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានទំហំ ៨៦ ហិចតា ដែលជារមណីយដ្ឋានធម្មជាតិមួយធ្វើឲ្យពួកគេនឹកស្មានមិនដល់ថា សម្បូរទៅដោយសត្វស្លាបរាប់មុឺនក្បាលយ៉ាងដូច្នេះឡើយ។

នៅពេលភ្ញៀវទេសចរមកដល់បានឮសំឡេងសត្វយំកងរំពង ធ្វើឲ្យអ្នកទស្សនាភ្លេចអស់ទុក្ខកង្វល់ អារម្មណ៍អណ្តែតអណ្តូងទៅតាមសំឡេងសត្វទាំងនោះ។ រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីនេះមានចម្ងាយប្រមាណ ៧៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។

នៅពេលភ្ញៀវទេសចរទៅដល់ ប្រជាពលរដ្ឋសហគមន៍ចាំទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត។ បន្ទាប់មកទៀតភ្ញៀវទេសចរត្រូវជិះទូកដែលមានចម្ងាយប្រហែល ២ គីឡូម៉ែត្របន្ថែមទៀត ដោយចំណាយពេលពី ១៥-២០ នាទី ដើម្បីទៅដល់ទីជម្រករបស់សត្វ។ លុះទៅដល់ភ្លាមភ្ញៀវទេសចរនឹងបានឃើញសត្វស្លាបហោះហើរបណ្ដែតខ្លួនយ៉ាងស្រស់ស្អាតនៅលើអាកាស និងនៅលើព្រៃរាប់ម៉ឺនក្បាល ដែលកំពុងពពាក់ពពួនរស់នៅទីនោះ។

រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡី ដែលជាតំបន់អំណោយផលសម្រាប់សត្វស្លាបរស់នៅ ដោយនៅជាប់ព្រៃនេះមានបឹងដ៏ធំមួយសម្រាប់សត្វរកចំណីជាអាហារ។ ហេតុដូចច្នេះហើយទើបបានជាសត្វមកប្រមូលផ្តុំគ្នារស់នៅលើទួលនេះ ដោយកន្លែងនេះដែរក៏ជាប្រភេទដីព្រៃលិចទឹក ពីព្រោះកាលពីមុនមានជំនួយពីអង្កការ Woman ក្នុងការអភិរក្សការពារធនធានធម្មជាតិសម្រាប់ឲ្យសត្វព្រៃគ្រប់ប្រភេទរស់នៅបង្កាត់ពូជ ជាពិសេសគឺសត្វស្លាបនេះតែម្តង។

លោក ពុធ សំបូ ប្រធានសហគមន៍នៅតំបន់ទួលព័ន្ធតាឡី បានឲ្យដឹងថា រមណីយដ្ឋានសត្វស្លាបធម្មជាតិទួលព័ន្ធតាឡីនេះ បច្ចុប្បន្នមានសត្វជាច្រើនដូចជាសត្វកុក សំបកត្រពាំង ខ្វែក ក្អែកទឹក ស្មោញ រនាល ចង្កៀលខ្យង ទុង ក្រសារ និងមានសត្វផ្សេងៗជាច្រើនទៀតដែលរស់នៅតំបន់នេះ។ ហើយសត្វដែលរស់នៅទីនេះ ព្រមទាំងសត្វកម្រផងដែរនោះមានចំនួន ៥០ ប្រភេទ កំពុងរស់នៅបង្កើតកូនធ្វើឲ្យចំនួនសត្វមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ព្រមជាមួយគ្នានេះ ភ្ញៀវទេសចរដែលបានមកលេងទស្សនាកម្សាន្តនៅតំបន់ទួលព័ន្ធតាឡី ក៏បានបង្ហាញនៅអារម្មណ៍រំភើបសប្បាយរីករាយ ដែលមិននឹកស្មានដល់ថាតំបន់នេះមានសត្វស្លាបដ៏សម្បូរបែប ខណៈកន្លែងឯទៀតពុំមានដូចឡើយ ហើយក៏បានស្នើដល់អាជ្ញាធរ និងមន្ត្រីជំនាញដែលពាក់ព័ន្ធជួយការពារសត្វស្លាបទាំងនេះឱ្យបានគង់វង្ស មិនត្រូវឲ្យមានការបរបាញ់នោះឡើយ គឺទុកគ្រាន់បង្ហាញឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងទស្សនាកម្សាន្ត ហើយត្រូវរួមគ្នាការពាររក្សាពូជសត្វស្លាបដ៏កម្រនេះផង៕

adm

Leave a Reply

Your email address will not be published. Required fields are marked *