ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ!
ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម Tull
Traisorat ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា
បានពិភាក្សា
និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។
នេះបើតាមជំនួបរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ
ទី២១ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ ឯកឧត្ដម Tull Traisorat
ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ កោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ
ពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា
ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់
និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន
កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមក
ក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។
ឯកឧត្ដមអភិសន្តិបណ្ឌិត
និងឯកឧត្តមឯកអគ្គរាជទូត
សង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ
នឹងបន្តរីកចម្រើនខ្លាំងក្លាថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់
ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន
និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ ។
ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា
ក៏បានយកឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឯកអគ្គរាជទូត
សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួនាទីយ៉ាងសកម្ម
រួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
កម្ពុជា-ថៃ ពិសេសលើការបង្ការឧក្រិដ្ឋកម្មតាមព្រំដែន ក៏ដូចជាវិស័យសំខាន់ៗ
ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ៕
Post a Comment