ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន ២ ពាក់ព័ន្អនឹងការគ្រប់គ្រងនគរបាលជាតិ!
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ
និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ចំនួន ២ ទីមួយ
គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ
អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ
ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន
សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា
មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ
ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ
ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ
ជំនឿទុកចិត្ត និងកិត្តិយស
និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង
និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន
សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន ៩ជំពូក និង ៣៥មាត្រា
ចែងអំពីបទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា
ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន
និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម
អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។
សម្រាប់អនុក្រឹត្យនេះ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី
បានផ្ដល់ការណែនាំឱ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោវ
អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាល
ដោយត្រូវគិតគូឱ្យបានល្អិតល្អត់លើអាកាសធាតុ
និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយដើម្បីអនុវត្តដូចៗគ្នា។
ដោយឡែកសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការដាក់មន្រ្តីនគរបាលជាតិកម្ពុជា
ឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស មានគោលបំណងកំណត់អំពីគោលការណ៍
និងនីតិវិធីនៃការដាក់មន្រ្តីនគរបាលជាតិកម្ពុជាឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានប្រាក់បៀវត្ស
ដែលបាត់សិទ្ធិទទួលប្រាក់បៀវត្ស ឡើងឋានន្តរស័ក្ដិ ឬថ្នាក់
និងអតីតភាពការងារសម្រាប់ទទួលរបបសោធននិវត្តន៍
ដើម្បីធានានិន្តរភាពនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
អនុក្រឹត្យនេះមាន
៥ជំពូក និង ១៥មាត្រា ចែងអំពីបទប្បញត្តិទូទៅ ភាពទំនេរគ្មានប្រាក់បៀវត្ស
ភាពទំនេរគ្មានបៀវត្សតាមពាក្យសុំ លក្ខខណ្ឌនៃការចាប់ផ្ដើមឈប់
និងការចូលបម្រើការវិញ និងអវសាន្តប្បញ្ញត្តិ។
ឯកឧត្តមអភិសន្តិបណ្ឌិត
ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស
សម្របសម្រួលជាមួយក្រុមការងារ ដើម្បីពិនិត្យ
និងកែសម្រួលចំណុចមួយចំនួនដែលផ្ដល់ធាតុចូលដោយអង្គប្រជុំ។
ឯកឧត្តមអភិសន្តិបណ្ឌិត
បានជំរុញឱ្យពន្លឿនការរៀបចំសេចក្ដីព្រាងអនុក្រឹត្យទាំងពីរនេះ
ដើម្បីគោរពផ្ញើជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
ពិនិត្យនិងសម្រេច៕
Post a Comment