លោក ឡាយ សុធា បានបំពានច្បាប់ និងវិធានការក្រសួងបរិស្ថាន ដោះលែងជនសង្ស័យចូលព្រៃកាប់ឈើក្នុងតំបន់ការពារធម្មជាតិក្នុង
ពោធិសាត់÷អ្នកសារព័ត៌មាន មានការងឿងឆ្ងល់ចំពោះករណីបទល្មើសធនធានធម្មជាតិមួយ ដែលកើតឡើងក្នុងឧទ្យានជាតិជួរភ្នំក្រវាញ បង្កឡើងដោយមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានឈ្មោះ ឡាយ សុធាជានាក់ប្រព្រឹត្ត។ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មន្រ្តីរូបនេះ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ឈ្មោះ នូវ ងិន ភេទប្រុស អាយុ ៦១ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាននាំយករណាយន្ត១គ្រឿង និងពូថៅចំនួន១ ចូលព្រៃ ដើម្បីកាប់រំលំដើមឈើ និងប្រមូលយកអនុផលព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិធម្មជាតិដោយខុសច្បាប់ នៅចំណុចជើងភ្នំទ្រព្យ ភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្រ្តីប្រចាំដែនតំបន់ការពាររូបនេះ មិនបានអនុវត្តតាមវិធានការរបស់ក្រសួង មិនបានអនុវត្តតាមច្បាប់ បែជាធ្វើការអប់រំជនសង្ស័យ បំពានច្បាប់និងដោះលែងជនល្មើសទៅវិញ។
អនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨១០ ក្នុងចំណុច«២» បានចែងថា មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារ ធម្មជាតិ មានភារកិច្ចតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ ដោយឡែកក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ តាមមាត្រា ៨៥០ ក្នុងចំណុច «គ» បានចែងថា ការកាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី១០០ ០០០ ០០០(មួយរយលាន)រៀល ទៅ៥០០ ០០០ ០០០ (ប្រាំរយលាន) រៀល។ តាមមាត្រា ៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវ ចងរិត បំពុល ធ្វើឱ្យរបួស ធ្វើឱ្យខូចខាត គាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។
ដើម្បីថែរក្សាសម្បត្តិធនធានធម្មជាតិឱ្យនៅគង់វង្សបានលុះត្រាតែមន្ត្រីទាំងអស់ចូលរួមអនុវត្តច្បាប់ ជាមួយគ្នានេះអ្នកសារព័ត៌មានស្នើសុំឲ្យក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិដែលមានតំបន់ការពារធម្មជាតិចូលរួមអនុវត្តច្បាប់និងចាត់វិធានការច្បាប់ចំពោះជនល្មើស ធនធានធម្មជាតិនេះផងដែរ៕
Post a Comment