ឯកឧត្តម សួន សុម៉ាលីន បាននាំយកនូវបច្ច័យចំនួន ១៤.២៥០.០០០រៀល និងសូមចូលរួមឧបត្ថម្ភ សាលារៀនមួយខ្នង ស្មើ ៤បន្ទប់ សម្រាប់ជាការចូលរួមអភិវឌ្ឍន៍សាលាបឋមសិក្សាព្រៃទំពូង
ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាសាមគ្គីកសាង របងសាលាបឋមសិក្សាព្រៃទំពូង ស្ថិតនៅក្នុង ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានមានប្រសាសន៍លើកឡើងថាៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកសាង និងអភិវឌ្ឍន៍ធនធានមនុស្សដល់យុវជនជំនាន់ក្រោយ។ ម្ស៉ាងទៀត ចំណេះដឹងមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្អូនៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រគ្មានថ្ងៃបញ្ចប់នោះទេ។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា៖ នៅក្នុងពិធីបុណ្យផ្កាសាមគ្គីនេះដែរក្រោមការចូលរួមបច្ច័យដោយពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទីជិតឆ្ងាយ ដើម្បីក្នុងការកសាងរបងសាលាបឋមសិក្សា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ក្នុងនាមរដ្ឋបាលខេត្ត បាននាំយកនូវបច្ច័យចំនួន ១៤.២៥០.០០០រៀល និងសូមចូលរួមឧបត្ថម្ភ សាលារៀនមួយខ្នង ស្មើ ៤បន្ទប់ សម្រាប់ជាការចូលរួមអភិវឌ្ឍន៍សាលាបឋមសិក្សាព្រៃទំពូង និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោក ចេម ប្រា អភិបាលស្រុកពារាំង បានលើកឡើងថា នៅឆ្នាំ២០២៥នេះ ក្រោមការផ្តួតផ្តើមរបស់ឯកឧត្តម មឿន សាម៉ន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ចំ បានរៀបចំបុណ្យផ្កាសាមគ្គីកសាងរបងសាលាបឋមសិក្សានេះដែលរបងខាងលិចប្រវែង ៩៨,៥០ម ខាងជើងប្រវែង៦៩,៥០ម ខាងកើតប្រវែង ១០១ម និងខាងត្បូងប្រវែង ១១៥ម។ ដែលត្រូវកសាងសង់ក្រោមការជួយឧបត្ថម្ភពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ ចុះមូលដ្ឋាន ស្រុក ឃុំ អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនជិតឆ្ងាយ៕
Post a Comment