សិក្ខាសាលាស្តី ពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុង និង ក្រៅប្រទេស

 ព្រៃវែង៖ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានរៀបចំសិក្ខាសាលាស្តី ពី “ការពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល” ក្នុងការស្វែងរកទីផ្សារក្នុង និង ក្រៅប្រទេស ក្រោមអធិបតីភាព ឯកឧត្ដម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និងលោក អន ភារៈ អភិបាលរងខេត្តព្រៃវែង តំណាង ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ម្ចាស់ផលិតករ សិប្បកម្ម អាជីវកម្ម ពាណិជ្ជករ កសិករ អ្នកផ្គត់ផ្គង់ និងដៃគូពាក់ព័ន្ធជាច្រើនរូប។


លោក អន ភារៈ អភិបាលរងខេត្ត បានលើកឡើងថា ខេត្តព្រៃវែង មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន១៨មុខ ដែលត្រូវបានជ្រើសរើស វាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ព្រមទាំងផលិតផល មួយចំនួនទៀត ត្រូវបានកត់សម្គាល់ថាជាផលិតផលសក្តានុពលរបស់ខេត្តព្រៃវែង ។ ផលិតផលទាំងនោះមានដូចជា ហូល, ក្រមា, កន្ទេលកក់, សាច់ក្រក, អំបុក, នំទ្រាំ, សម្ភារៈប្រើប្រាស់ធ្វើពីឫស្សី, សម្ភារៈប្រើប្រាស់ធ្វើពីផ្តៅ-រពាក់, សម្ភារៈប្រើប្រាស់ធ្វើពីជ័រប្លាស្ទិក, ស្ករត្នោត, ចង្ក្រានឡូវប្រណិត, បង្គីរ, ជើងឆ្នាំង, ចម្លាក់, គំនូរ, បន្លែសុវត្ថិភាព, រមណីយដ្ឋានភូមិសុខារាវី, កាបូប, ស្បែកជើង, ខ្សែក្រវាត់, មើមឈូក, និងទឹកសុទ្ធប្តូស៊ី។ ផលិតផលទាំងនេះ បាននិងកំពុង ចរាចរណ៍លើទីផ្សារ និងជំរុញការផ្សព្វផ្សាយ តាមរយៈការពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធការទិញ ផលិតផលខ្មែរ និងវេទិកាផ្សេងៗ។

ឯកឧត្ដម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា គោលបំណងសំខាន់នៃសិក្ខាសាលាប្រឹក្សាយោបល់នេះ គឺដើម្បីពង្រឹងសមត្ថភាពអ្នកផលិតឱ្យអភិវឌ្ឍន៍ផលិតផល របស់ខ្លួនស្របតាមស្តង់ដារ លក្ខខណ្ឌតម្រូវនានាដែលកំណត់ដោយច្បាប់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ប្រយោជន៍ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការជ្រៀតចូល និងទទួលបានចំណែកទីផ្សារសមរម្យ។ សិក្ខាសាលានេះ ក៏មានគោលបំណងដើម្បីបញ្ញាបចំណេះដឹងថ្មីៗជូនដល់ផលិតករ អាជីវករទាក់ទងនឹងការផលិត ការវេចខ្ចប់ ភាពទាក់ទាញ បច្ចេកវិជ្ជាវេចខ្ចប់ ក៏ដូចជា បរិបទនៃច្បាប់ប្រកួតប្រជែង ព្រមទាំងបែបបទនៃការ នាំចេញទំនិញទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

លើសពីនេះ ក្រសួងបាននិងកំពុងបន្តធ្វើកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន ការផ្តល់សេវាសាធារណៈរបស់ក្រសួង តាមប្រព័ន្ធអនឡាញ ការបញ្ចូលរាល់ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធ ទាំងអស់លើគេហទំព័រផ្លូវការ និងបណ្តាញសង្គមនានារបស់ក្រសួង ការបង្កើត Call Center និងគំនិតផ្តួចផ្តើម ថ្មីៗមួយចំនួនទៀតក្នុងពេលឆាប់ៗខាងមុខ សំដៅជួយសម្រួលតម្លៃអាជីវកម្ម និងសំចៃពេលវេលា បង្កើនភាពប្រកួត ប្រជែងរបស់កម្ពុជា ឆ្លើយតបដោយបុរេសកម្មទៅនឹងចម្ងល់ និងកង្វល់របស់សាធារណជន និងវិស័យឯកជន។

ឯកឧត្ដម បន្ថែមថា ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានរួមចំណែកជួយសម្របសម្រួល ផ្សព្វផ្សាយផលិតផល សក្តានុពលកម្ពុជា និងជំរុញពាណិជ្ជកម្មកម្ពុជា តាមរយៈការរៀបចំពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលា វេទិកាធុរកិច្ច ជាមួយដៃគូក្នុងនិងក្រៅប្រទេស ជំនួបពាណិជ្ជកម្ម ការអនុញ្ញាតឱ្យបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជន កម្ពុជានៅក្រៅប្រទេស ក៏ដូចជាបានជួយកសាងនិងជំរុញអនុវត្តនូវគោលនយោបាយគាំទ្រផលិតផលយុទ្ធសាស្ត្រ មួយចំនួនដូចជា៖ ស្រូវ-អង្ករ ដំឡូងមី ស្វាយចន្ទី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយ ដូងស្រស់ ទឹកឃ្មុំ និងអំបិល។

ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាថ្ងៃនេះនឹងជួយបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀតដល់បងប្អូនផ និង អាជីវករទាំងអស់ ក្នុងការពង្រឹងកែលម្អលក្ខខណ្ឌផលិត គុណភាព ការវេចខ្ចប់ភាព សោភណភាព និងភាពទាក់ទាញ ។ល។ ដើម្បីឱ្យផលិតផលរបស់បងប្អូនទទួលបានការគាំទ្រលើទីផ្សារជាតិ និងអន្តរជាតិជួយបង្កើនជីវភាព និង រួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យឈានឡើងមួយកម្រិតទៀត ដើម្បីសម្រេចបាននូវគោលដៅ ឆ្នាំ២០៣០ និង ឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕






















Powered by Blogger.